-តំណាងក្រុមហ៊ុន ប្រាប់ប្រជាពលរដ្ឋ ថា ២-៣ ថ្ងៃទៀត នឹងយកលិខិតរបស់ នាយករដ្ឋមន្ដ្រី មកបង្ហាញ
ភ្នំពេញ ៖ តំណាងប្រជាពលរដ្ឋ ជាង១ ពាន់នាក់ ដែលជាពុទ្ធបរិស័ទចំណុះឱ្យវត្ដខ្ទរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សី កែវ បាននាំគ្នាបញ្ជាក់ជំហរថា នឹងការពារដី ប៉ាឆារបស់វត្ដ មិនឱ្យក្រុមហ៊ុនឯកជនឈ្មោះ អេង កាំង ឌឺវេឡុបមេន ខបភើរេសិន កាត់ យកធ្វើជាដីរបស់ខ្លួននោះឡើយ បើទោះបី ក្រុមហ៊ុនមួយនេះ បានបង្ហាញឯកសារ និង លិខិតពាក់ព័ន្ធជាច្រើនថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ដីនេះ ជូនទៅឱ្យពួកគេ ក៏ដោយ ។
តំណាងប្រជាពលរដ្ឋ ដែលចាត់ទុកថា ថ្នាក់លើចាប់តាំងពីអាជ្ញាធរសង្កាត់ រហូត ដល់ទីស្ដីការគណៈរដ្ឋមន្ដ្រី ចាញ់បោករបាយ ការណ៍មន្ដ្រីថ្នាក់ក្រោមនោះ បានអំពាវនាវ ជូនសម្ដេចតេជោ សែន ជួយអន្ដរាគមន៍ក្នុង រឿងនេះ ខណៈដែលប្រជាពលរដ្ឋជាង ១ ពាន់នាក់ បានផ្ដិតមេដៃប្រឆាំងការកាន់កាប់ ដីប៉ាឆារបស់វត្ដ នៅពេលដែលក្រុមហ៊ុនឯក ជនមួយនេះ បាន និងកំពុងចង់បានជាម្ចាស់ កម្មសិទ្ធិ ដោយសារតែដីសាលាកសិកម្មព្រែកលៀប ដែលខ្លួនទទួលបានសិទ្ធិវិនិយោគ ពីរាជរដ្ឋាភិ បាលស្ថិតជាប់នឹងដីប៉ាឆារបស់វត្ដ។
លោក ស៊ូ សារូ តំណាងប្រជាពលរដ្ឋ ម្នាក់ នៅចំពោះមុខភ្នាក់ងារដើមអម្ពិល កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៣ បានថ្លែងថា ក្រុមហ៊ុនឯកជន អេង កាំង មួយនេះ តែងតែយកលិខិតពីថ្នាក់លើតាំងពី ទីស្ដីការគណៈរដ្ឋមន្ដ្រី មកបង្ហាញថា រាជ រដ្ឋាភិបាល ប្រគល់ដីប៉ាឆាទៅឱ្យខ្លួន ប៉ុន្ដែ ធាតុពិតបញ្ហានេះ ត្រូវបានប្រជាពល រដ្ឋទាំង អស់មិនគាំទ្រឡើយ ពោលត្រូវរក្សាទុកដី ប៉ាឆាដដែល ដើម្បីទៅថ្ងៃអនាគតកសាងជា សាលារៀន ឬមណ្ឌលសុខភាពជូនប្រជាពល រដ្ឋជាដើម។
តំណាងប្រជាពលរដ្ឋរូបនេះ បានចោទ ក្រុមហ៊ុនថា ធ្វើអ្វីជាការភូតកុហកទាំងអស់ ទៅថ្នាក់លើតាមរយៈយកចំនួនប្រជាពល រដ្ឋតិចតួច ទៅបង្ហាញ ប៉ុន្ដែ ប្រជាពលរដ្ឋ ទាំងអស់គ្មាននរណាម្នាក់យល់ព្រមនោះទេ។
លោក សៅ សារឿន និងលោក ទ្រី គឹម ស្រៀង ដែលជាតំណាងឱ្យប្រជាពលរដ្ឋផង នោះ បានលើកឡើងថា ពេលក្រុមហ៊ុនមក ជួបប្រជាពលរដ្ឋ ដើម្បីពិភាក្សាការ ងារនេះ មិនបានជូនដំណឹងមុនឡើយ ពោលពេលបាន ជួបប្រជាពលរដ្ឋ ៤-១០ នាក់ ក៏ធ្វើរបាយ ការណ៍ទៅថ្នាក់លើ ដោយភូតកុហកថា មាន តែប្រជាពលរដ្ឋមួយ ចំនួនតូចប៉ុណ្ណោះដែល មិនព្រម ។
ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋក៏ បានចោទប្រកាន់ប្រធានមន្ទីរធម្មការ និង សាសនា រាជធានីភ្នំពេញថា បានធ្វើរបាយ ការណ៍ភូតកុហកទៅថ្នាក់លើ មិនយកមតិ ប្រជាពលរដ្ឋជាធំ ។
យោងតាមលិខិតរបស់មន្ទីរធម្មការ និង សាសនា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ បានផ្ញើជូនរដ្ឋមន្ដ្រីក្រសួងធម្មការ ស្ដីពីការ ចុះពិនិត្យឈាបនដ្ឋានវត្ដពោធិព្រឹក្យ ហៅវត្ដខ្ទរ ។ នៅក្នុងលិខិតនោះ លោកប្រធានមន្ទីរ ធម្មការ បានលើកឡើងពីការសុំផ្លាស់ប្ដូរទី ប៉ាឆា ដោយលើកឡើងពីការជួបជាមួយព្រះ សង្ឃ គណៈកម្មការអាចារ្យ វត្ដ ហើយអះ អាងថា ពុំមានការជំទាស់ទៅនឹងការអភិ វឌ្ឍន៍របស់រាជរដ្ឋាភិបាលឡើយ ។ លិខិត នេះ បានលើកឡើងពីការជួបជាមួយពុទ្ធ បរិស័ទចំណុះជើងវត្ដថា ក្រោយពីការលើក ឡើងរបស់ក្រុមហ៊ុន សុំផ្លាស់ប្ដូរទីប៉ាឆា ពុទ្ធ បរិស័ទភាគច្រើន បានសម្ដែងមតិអបអរ សាទរ ប៉ុន្ដែ មានពុទ្ធបរិស័ទមួយចំនួនតូច ប្រមាណ ២០នាក់ បានត្អូញត្អែរថា ទីតាំង ប៉ាឆាថ្មីមានចម្ងាយឆ្ងាយពីមូលដ្ឋានរបស់ពួក គាត់ ដែលនាំឱ្យមានការលំបាកក្នុងការធ្វើ ដំណើរ នៅពេលដែលមានសពត្រូវបូជា ។
លិខិតនេះបានលើកឡើង ជួបជាមួយអាជ្ញា ធរមូលដ្ឋាន ដោយបង្ហាញថា ពុំមានការ ជំទាស និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ឡើយ ព្រមទាំងបានលើកឡើងជា មួយ សាលាអនុគណខណ្ឌឫស្សីកែវ ហើយក៏ថា បានយល់ព្រមនឹងការអភិវឌ្ឍន៍នេះ ។
មន្ទីរធម្មការ និងសាសនា ដែលចុះហត្ថ លេខា និងវាយត្រាពីសំណាក់លោក ផន ដាវី ជាប្រធានមន្ទីរនោះ បានបញ្ជាក់នៅក្នុង លិខិតថា “ជាទស្សនៈរបស់មន្ទីរធម្មការ និង សាលាគណរាជធានីភ្នំពេញ យល់ឃើញថា ចំពោះការស្នើសុំផ្លាស់ប្ដូរ ទីតាំងយាបនដ្ឋាន វត្ដខ្ទរនេះ គឺត្រឹមត្រូវព្រោះថា ឈាបនដ្ឋាន សព្វថ្ងៃស្ថិតនៅខាងក្រៅ បរិវេណរបងវត្ដ ហើយមានទីតាំងជាប់នឹងផ្លូវជាតិ៦អាដែល នាំឱ្យមានផលប៉ះពាល់ដូចជា បរិស្ថាន នៅ ពេលដែលមានការអភិវឌ្ឍន៍ និងប៉ះពាល់ សោភ័ណ្ឌភាព នៅពេលដែលមានការពង្រីក ផ្លូវនៅជិតឈាបនដ្ឋាន ”។
លោកប្រធានមន្ទីរបានបន្ដថា នៅតំបន់ នេះ គួរបានរៀបរយឈាបនដ្ឋានប្រមូលផ្ដុំឱ្យ នៅមួយកន្លែង ហើយផ្អាកសកម្មភាពបូជា សពតាមបណ្ដាវត្ដក្នុងតំបន់នេះ ព្រោះ ថា កន្លងមក មានឈាបនដ្ឋានភាគច្រើននៅជាប់ ដងទន្លេដែលនាំឱ្យប៉ះពាល់ ដល់បរិស្ថានទឹក ទន្លេផងដែរ ។ ចំពោះចម្ងាយផ្លូវពីទីតាំង ឈាបនដ្ឋានចាស់ មាន ចម្ងាយ ៤គីឡូម៉ែត្រ មិនឆ្ងាយដូចជាទីតាំងឈាបនដ្ឋាន វត្ដឫស្សី សាញ់ មកភ្នំពេញនោះទេ ។ ចំពោះលិខិត របស់លោកប្រធានមន្ទីរធម្មការខាងលើនេះ ត្រូវបាន អ្នកស្រី តេង ផល្លី ដែលជាតំណាង ប្រជាពលរដ្ឋមួយរូបផងនោះ ចាត់ទុកថា ជារបាយការណ៍បោកប្រាស់ និងភូតកុហក ទៅថ្នាក់លើ ។
អ្នកស្រី តេង ផល្លី បានបញ្ជាក់ថា ប្រជា ពលរដ្ឋ ១០០២នាក់ បានផ្ដិតមេដៃតវ៉ា ប្រឆាំងមិនឱ្យយកដីពីប៉ាឆាចេញពីកន្លែង ចាស់ឡើយ មានន័យថា បើវាយប៉ាឆា ចោលយកទៅដាក់ទីតាំងថ្មី ប្រជាពលរដ្ឋយល់ ព្រម តែបើយកដីប៉ាឆា ប្រជាពលរដ្ឋមិន យល់ព្រមឡើយ គឺទុកធ្វើជាសាលារៀន ឬ មណ្ឌលសុខភាព សម្រាប់កូន ចៅប្រជាពល រដ្ឋ នៅតំបន់នោះ ។
អ្នកស្រី តេង ផល្លី បានចាត់ទុកថា ចំពោះរឿងនេះ សម្ដេចតេជោ ហ៊ុន សែន មិនបានដឹងនោះឡើយ ហើយពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ ដែលដាក់ជូនសម្ដេច តាមរយៈទីស្ដីការគណៈរដ្ឋមន្ដ្រីនោះ ក៏មិន បានដល់សម្ដេចផងដែរ ដូច្នេះមានតែអំពាវ នាវ តាមសារព័ត៌មានសុំអន្ដរាគមន៍ដ៏ខ្ពង់ ខ្ពស់ ពីសម្ដេចនាយករដ្ឋមន្ដ្រីដោះ ស្រាយ បញ្ហានេះ ហើយប្រជាពលរដ្ឋទាំងអស់នឹង គោរពតាមការសម្រេចរបស់សម្ដេច ។
តំណាងប្រជាពលរដ្ឋ ដែលអះអាងថា ជាសកម្មជនគណបក្សប្រជាជន តាំងពីដើម មកនោះ នឹងបន្ដទៅថ្ងៃអនាគតបានលើក ឡើង ពីសំដីរបស់តំណាងក្រុមហ៊ុន បាន ប្រាប់ប្រជាពលរដ្ឋថា នៅ២-៣ ថ្ងៃទៀត ពួកគេនឹងយកលិខិត ដែលស៊ីញ៉េចេញពី នាយករដ្ឋមន្ដ្រី មកប្រគល់ជូនឱ្យប្រជាពល រដ្ឋមើល ហើយបោះសំដីថា “បើចង់ស្អប់ សូមស្អប់ ហ៊ុន សែន កុំមកស្អប់ក្រុមហ៊ុន ពី ព្រោះ ហ៊ុន សែន ជាអ្នកស៊ីញ៉េឱ្យក្រុមហ៊ុន”។
សំដីរបស់តំណាងក្រុមហ៊ុនខាងលើនេះ ត្រូវបានតំណាងប្រជាពលរដ្ឋអះអាងថា បានប្រាប់តាអាចារ្យ និងតំណាងប្រជាពល រដ្ឋ ពេលដែលក្រុមហ៊ុនចង់មកចរចា ហើយ ថែមទាំងផ្ដល់លុយម្នាក់ ១ពាន់ដុល្លារជូន ដល់តាអាចារ្យទាំង ៨នាក់ទៀតផង ប៉ុន្ដែ មិនទទួលយក ។
យោងតាមពាក្យបណ្ដឹង របស់ប្រជាពល រដ្ឋ ដែលដាក់ជូនសម្ដេចតេជោ ហ៊ុន សែន តាមរយៈទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០១២ កន្លងទៅ បាន គោរពស្នើសុំ សម្ដេចតេជោជួយសម្រួល ដោះស្រាយ ភាពចលាចល ភ័យខ្លាច និង ព្រួយបារម្ភ ចំពោះការរុះរើឈាបនដ្ឋានឱ្យ ទៅនៅក្រោយសាលាបឋមសិក្សា បាក់ខែង ដែលមានចម្ងាយពីវត្ដខ្ទរ ៥គីឡូម៉ែត្រ ហើយនឹងចុះពីផ្លូវជាតិទៅ មានចម្ងាយដល់ ៦០០ម៉ែត្រទៀតផង ។
ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ទាំង ១០០២នាក់ បានបន្ដថា ការព្រួយបារម្ភនេះ ដោយសារតែក្រុមហ៊ុន អេង កាំង បានទិញ ដីរបស់សាលាជាតិ កសិកម្មព្រែកលៀប នៅ ជាប់ដីរបស់វត្ដ ហើយក្នុងករណីនេះប្រជា ពលរដ្ឋ ចំណុះជើងវត្ដទាំងមូលមិនមានការ ព្រមព្រៀង និងឯកភាពនោះទេ ។
នៅក្នុងពាក្យបណ្ដឹងនេះ ប្រជាពលរដ្ឋ បានបញ្ជាក់ថា “បំណងថែរក្សាដីនេះដើម្បី សម្រាប់បម្រុងទុក នៅពេលអនាគត ដូចជា វត្ដ និងសង់សាលាបឋមសិក្សាថ្មីជំនួស សាលាបឋមសិក្សាចាស់ ដែលស្ថិតនៅក្នុងទី តាំងវត្ដ មានសភាពតូចចង្អៀត រីឯបរិមាណ សិស្សវិញ មានការកើនឡើងជារៀងរាល់ ឆ្នាំ និងជាពិសេសទៅទៀតនោះ ដើម្បី ត្រៀមបម្រុងទុកសម្រាប់កសាងទីវត្ដទៅ ថ្ងៃក្រោយ បើសិនច្រាំងទន្លេនៅតែបន្ដបាក់ ជារៀងរាល់ឆ្នាំ ”។
យោងតាមលិខិត របស់ទីស្ដីការគណៈ រដ្ឋមន្ដ្រី ចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងធម្មការ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០៦ បានបញ្ជាក់ថា ទី១ រាជរដ្ឋាភិបាល បានយល់ព្រមតាមសំណើសុំ គោលការណ៍អនុញ្ញាតផ្លាស់ប្ដូរទីតាំងឈាប នដ្ឋានបូជាសពសាធារណៈ នៅ តាមវត្ដនានា ក្នុងរាជធានីភ្នំពេញ ឱ្យទៅសាងសង់ប្រមូល ផ្ដុំនៅជាយក្រុងវិញ ដោយចែកជា៣តំបន់ ដាច់ពីគ្នា គឺតំបន់ខាងជើង កំណត់យកវត្ដ អង្គក្រពើ រាជធានីភ្នំពេញ តំបន់ខាងត្បូង កំណត់យកម្ដុំជើងឯក និងតំបន់ខាងលិច កំណត់យកវត្ដអង្គពពាយ ស្រុកអង្គស្នួល ខេត្ដកណ្ដាល និងទី២ រាជរដ្ឋាភិបាលប្រគល់ ភារកិច្ចជូន សាលាក្រុងភ្នំពេញ រៀបចំទីតាំង ថ្មី ដោយរកដីមួយកន្លែង មានវិសាលភាព សមល្មម មានផ្លូវគមនាគមន៍ ដែលអាច គ្រប់គ្រងបរិស្ថាន និងសុខមាលភាពប្រជា ពលរដ្ឋ និងចេញថវិកាកសាងឈាបនដ្ឋាន ច្រើន ប្រមូលផ្ដុំហើយបែងចែកទៅតាមវត្ដ នីមួយៗ ដែលជាវត្ដធ្លាប់មានឈាបនដ្ឋាន នៅក្នុងក្រុង ឱ្យគ្រប់គ្រងថែរក្សាកែលំអ ប្រើ ប្រាស់ យកផលកំរ៉ៃ ដែលបានពីឈាបន ដ្ឋាននេះ ជាផលប្រយោជន៍ព្រះពុទ្ធសាសនា សម្រាប់វត្ដរៀងៗខ្លួន ។
ទាក់ទិនជម្លោះ រវាងពុទ្ធបរិស័ទចំណុះ ជើងវត្ដខ្ទរ និងក្រុមហ៊ុន អេង កាំង ចៅ សង្កាត់ព្រែកលៀប លោក ព្រាប មុនី បាន មានប្រសាសន៍ថា រឿងនេះជាការសម្រេច របស់រាជរដ្ឋាភិបាល ហើយផុតពីដែនសមត្ថ កិច្ចរបស់អាជ្ញាធរសង្កាត់ហើយ ។ លោក ព្រាប មុនី បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹក ថ្ងៃទី២៤ ខែឧសភា ថា “ចេញផុត ពីដែន អាជ្ញាធរហើយ គឺជាការសម្រេចរបស់រាជ រដ្ឋាភិបាល ”។ យ៉ាងណាក៏ដោយលោកចៅ សង្កាត់បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋ មិនយល់ព្រម ឬយ៉ាងណា នោះវាអាស្រ័យ លើការសម្រេចចុងក្រោយទៀត របស់រាជ រដ្ឋាភិបាល ។
ជុំវិញករណីទាំងនេះ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល មិនទាន់អាចស្វែងរកការ បកស្រាយពីសំណាក់ តំណាងក្រុមហ៊ុននៅ ឡើយទេ ។ ប្រជាពលរដ្ឋមួយចំនួនបាន លើកឡើងថា ក្រុមហ៊ុននៅពេលដែលសម្ដេច តេជោ ហ៊ុន សែន ជិះរថយន្ដទៅចូលរួម សម្ពោធបើកការដ្ឋានសាងសង់ ស្ដាតអូឡាំ ពិក នោះ បានយកដើមឈើតូចៗ កប់ទុយោ បូមខ្សាច់ ដើម្បីបំពេញដីនៅទីនោះដោយ ខ្លាចសម្ដេចឃើញ។ យ៉ាងណាក៏ដោយជំហរ របស់ប្រជាពលរដ្ឋដែលភាគច្រើន ជាសមា ជិក សមាជិកា របស់ គណបក្សប្រជាជន នោះ បានបង្ហាញការជំទាស់យ៉ាងដាច់ខាត ចំពោះបញ្ហានេះ ហើយបើក្រុមហ៊ុននៅតែ រឹងរូស ចង់បានដីប៉ាឆាទៀតនោះ ប្រជាពល រដ្ឋទាំងអស់ នឹងនាំគ្នាតវ៉ាជាក់ជាមិនខាន ឡើយ ហើយទឹកប្រាក់ផ្ដល់ជូនលោកតា អាចារ្យម្នាក់ ១ពាន់ដុល្លារ ដែលណាត់ជួប នៅសណ្ឋាគារភ្នំពេញ ក្នុងរាជធានីភ្នំពេញ កាលពី ប៉ុន្មានថ្ងៃមុននោះ មិនបានជោគជ័យ ឡើយ ដោយសារតែលោកតាអាចារ្យ និង តំណាងប្រជាពលរដ្ឋ បដិសេធក្នុងការទទួល យក ៕





