ព្រះវិហារៈ កម្លាំងសមត្ថកិច្ច រួមនិងអាជ្ញាធរជាច្រើន នាក់ ក្នុងខេត្តព្រះវិហារ បាននិងកំពុងបន្តជីកកកាយ រុករកជនរងគ្រោះ បន្ទាប់ពីហេតុការណ៍ បាក់រណ្តៅរ៉ែមាស កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣។ ការរុករករហូត ដល់ល្ងាចថ្ងៃទី២១ ខែឧសភា សមត្ថកិច្ចមិនទាន់រកឃើញ ជនរងគ្រោះណាម្នាក់ ក្នុងរណ្តៅនៅឡើយទេ។
ស្នងការនគរបាលខេត្ដព្រះវិហារ លោក ស៊ី គីរី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិមតាមទូរស័ព្ទនៅល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ថា រហូតដល់ល្ងាចថ្ងៃនេះ រូបលោក ក៏ដូចលោកអភិបាលខេត្ត បាននិងកំពុងដឹកនាំ កម្លាំងយកអេស្កាវ៉ាទ័រ ជីកកកាយរណ្តៅរ៉ែមាស ដែលរងការបាក់ស្រុត ហើយការជីកកកាយនេះទៀតសោត មិន ទាន់រកឃើញជនរងគ្រោះណាម្នាក់ទេ។
លោកឧត្តមសេនីយ៍ ស៊ី គីរី ក៏បានឲ្យដឹងទៀតថា អេស្កាវ៉ាទ័រ បានជីកជម្រៅរហូតដល់ ៥ម៉ែត្រ ដោយវាតទីលើ ទំហំដី ១០ម៉ែត្រ បួនជ្រុង ពោលគឺទំហំផ្ទៃដី ដែលប្រជាពលរដ្ឋបាននាំគ្នាជីករូងខ្វែងខ្វាត់ ដើម្បីរុករករ៉ែមាស។
ពាក់ព័ន្ធនឹងជនរងគ្រោះវិញ លោកស្នងការខេត្តរូបនេះ ក៏បានបញ្ជាក់ថា រណ្តៅរ៉ែនេះ ជារណ្តៅរុករកលក្ខណៈ គ្រួសារមានតែអ្នកក្នុងភូមិប៉ុណ្ណោះ ជាអ្នកមករក មិនមានអ្នកស្រុកដទៃមកជីកទេ។ រហូតដល់ល្ងាចថ្ងៃដដែលនេះ ទៀតសោត មិនទាន់មានការទាក់ទងពីក្រុមគ្រួសារណា មកបញ្ជាក់ពីការបាត់សមាជិករបស់ ខ្លួឡើយ គឺមាន តែមួយគ្រួសារ បានមកទាក់ទងជាមួយសមត្ថកិច្ច ព្រមទាំងបានអះអាងថា រូបគាត់បាត់កូន ហើយមករកជីករ៉ែ ក្នុង រណ្តៅបាក់ស្រុតនេះ។
បើតាមលោក ស៊ី គីរី បានបញ្ជាក់ថា រូបលោក និងលោកអភិបាលខេត្ត នឹងបន្តបេសកកម្មជីករុករករហូតដល់ ឃើញជនរងគ្រោះ ព្រោះចង់ដឹងថា មានជនរងគ្រោះប៉ុន្មាននាក់ តែបើតាមប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុ ប្រហែលជាមានតែមួយករណីប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ ស៊ី គីរី បានដកស្រង់សម្តីពីអ្នកជីករ៉ែ វ័យ១៧ឆ្នាំម្នាក់ មកបញ្ជាក់ថា មុនពេលកើតហេតុរូបគេ បានចូលទៅជីករ៉ែមាសក្នុងរណ្តៅ ដែលមានជម្រៅជាង ៥ម៉ែត្រ ក្រោយពីជីក និងដីរ៉ែបាន ៥ការ៉ុង ស្រាប់តែមាន ទឹកហូរចូល ពេលឃើញដូច្នោះខ្លាចក្រែងដីបាក់ស្រុតរូបគេ ក៏ចេញមកវិញ ហើយដីបាក់ស្រុតតែម្តង។
អ្នកជីករ៉ែរូបនេះ បានបន្តឲ្យសមត្ថកិច្ចដឹងផងដែរ នៅមុនពេលកើតហេតុ រូបគេចូលទៅជីកតែម្នាក់ឯង ប៉ុណ្ណោះ មិនមានអ្នកដទៃចូលទៅជាមួយនោះទេ។
លោក ស៊ី គីរី ក៏បានបញ្ជាក់ផងដែរ រណ្តៅរ៉ែមាសស្ថិតនៅឃុំរមទុំ ស្រុករវៀង ខេត្ដព្រះវិហារ ជារណ្តៅដែលប្រជា ពលរដ្ឋជីកជាលក្ខណៈគ្រួសារ ស្ថិតនៅជិតជើងភ្នំ ដែលពួកគាត់តែងរុករកពេលទំនេរពីរដូវបង្កបង្កើនផល។
ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានថ្លែងឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានផ្អាកការ ជីករុករកជា បណ្តោះអាសន្ន ដោយរង់ចាំថ្ងៃស្អែក នឹងធ្វើបន្តទៀត ហើយរហូតមកដល់ពេលនេះ មានតែមនុស្ស ម្នាក់ប៉ុណ្ណោះ បានបាត់ខ្លួន មិនដូចសេចក្តីរាយការណ៍ ខ្លះថា មានការបាត់ខ្លួន ជាច្រើននោះឡើយ។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តបាន សន្យាថា នឹងខិតខំស្វែង រកជនរងគ្រោះ បើទោះបីមានការហត់នឿយ បែបណានោះ៕
ទោះជាយ៉ាងណា លោក ស៊ី គិរី បានអះអាងថា ក្រោយកើតហេតុការណ៍នេះ មន្រ្តីអាជ្ញាធរខេត្តនឹងធ្វើការអប់រំ ព្រមទាំងកម្លាំងសមត្ថកិច្ចមិនឲ្យរុករកបន្តទៀតទេ ក្លាចជួបគ្រោះថ្នាក់បន្តទៀត៕