កំពត៖ លោក ឆាយ វណ្ណា អនុរដ្ឋលេខាធិការ និងជា នាយកខុទ្ទ កាល័យ តំណាង របស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៣ បានដឹកនាំ ក្រុមការងារ ចុះចែកអំណោយ ដល់ជនពិការភ្នែក នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
ការឧបត្ថម្ភ អំណោយខាងលើនេះ បានធ្វើឡើង តាមរយៈការចុះផ្សាយ របស់សារព័ត៌មាន ក្នុងស្រុក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ អំពីគ្រួសារ បុរសពិការភ្នែក ទាំងសងខាងឈ្មោះ ចេង ញន អ្នកច្រៀងចាប៉ី រស់នៅ នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបច្ចុប្បន្ន ជនពិការ រូបនេះ កំពុងជួបលំបាក បញ្ហាខ្វះខាតជីវភាព បានអំពាវនាវ ស្នើសុំសប្បុរសជន ជួយឧបត្ថម្ភ ចាប៉ី ដើម្បីប្រកបរបរ ច្រៀងចាប៉ី ក្នុងពិធីផ្សេងៗ រកចំណូលចិញ្ចឹមគ្រួសារ ។
ដោយមានទឹកចិត្តអាណិត អាសូរដល់ គ្រួសារជនពិការ លោកបណ្ឌិត អ៊ិត សំហេង បានចាត់តាំង ក្រុមការងារ នាំយកអំណោយ ឧបត្ថម្ភជូនគ្រួសារ ខាងលើ ដែលរួមមាន ចាប៉ីដងវែង ១ដើម, អង្ករ ១ បាវ, មី ១កេស, កន្ទេល ១, ទឹកត្រី ១យួរ, ត្រីខ ១យួរ និងថវិកាចំនួន ១០០.០០០ រៀល។ ពិធីប្រគល់ អំណោយនេះ មានការចូលរួមពីតំណាង អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និង ប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិព្រែកក្រឹស ផងដែរ។
ក្នុងនាមអាជ្ញាធរ មូលដ្ឋាន លោកមេឃុំព្រែកក្រឹស ក៏បានថ្លែង អំណរគុណដល់ លោកបណ្ឌិត អ៊ិត សំហេង និងលោកស្រី ដែលបានយកចិត្តទុកដាក់ គិតគូរដល់ជីវភាព និងសុខទុក្ខ ប្រជាពលរដ្ឋគ្រួសារជនពិការ រស់នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។
ទន្ទឹមនោះ លោក ចេង ញន ព្រមទាំង ក្រុមគ្រួសារ ក៏បានសម្តែងទឹកចិត្ត សប្បាយរីករាយដែលរូបគាត់បាន ទទួលអំណោយពីលោក បណ្ឌិត អ៊ិត សំហេង និង ក៏បានថ្លែងអំណរគុណ ចំពោះលោក បណ្ឌិត រដ្ឋមន្រ្តី ជាពិសេស គណបក្ស ប្រជាជនកម្ពុជា សូមឲ្យទទួលបានជ័យជំនះ បន្ថែម ទៀតសម្រាប់ការបោះឆ្នោតខាងមុខនេះ។
លោក ឆាយ វណ្ណា មានមតិផ្តាំផ្ញើដល់ ក្រុមគ្រួសារលោក ចេង ញន កុំឲ្យមានការ អស់សង្ឃឹម ត្រូវតស៊ូជំនះ រាល់ឧបសគ្គ និងការលំបាកទាំងឡាយ ក្នុងការរកទទួលទាន ចិញ្ចឹមជីវិត។
លោកក៏បានបន្ថែមទៀតថា ការនាំយកអំណោយ ឧបត្ថម្ភនាពេលនេះ គឺជាការយកចិត្ត ទុកដាក់ របស់ថ្នាក់ដឹកនាំ ក្រសួងចំពោះប្រជាជនក្រីក្រ ងាយរងគ្រោះ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែង តែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាជនក្រីក្រ រងគ្រោះជួបការ លំបាក៕
