Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក​ ហ៊ុន​ ម៉ាណែត៖​ កសាងហេដ្ឋារចនាសម្ព័ន្ធ​ ខណៈជាតិមានសុខសន្តិភាព​ ជាប្រយោជន៍ កូនចៅ​ជំនាន់ក្រោយៗ

កំពង់ចាម៖ ក្នុងពិធីសម្ពោធអាគារសិក្សា សាលាបឋមសិក្សាគីឡូ១០ ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៧នេះ​ បានមានប្រសាសន៍ថា​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលប្រទេសជាតិ មានសុខសន្តិភាព​ គឺជាផលប្រយោជន៍ សម្រាប់កូនចៅប្រជាពលរដ្ឋ នៅជំនាន់ក្រោយៗ ។

លោក​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ទៀតថា​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានសាលារៀន មន្ទីពេទ្យ ផ្លូវថ្នល់ បាននឹងបន្តកសាងជាច្រើន ព្រោះប្រទេសជាតិមានការអភិវឌ្ឍ មនុស្សកាន់តែមានឱកាសច្រើន ប្រជាពលរដ្ឋមានតម្រូវការ កាន់តែច្រើនសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃនិងការកើនឡើង នូវកូនចៅប្រជាពលរដ្ឋ ។ 

មួយគ្នានោះ​ លោក​ ហ៊ុន​ ម៉ាណែត​ បា​នបញ្ជាក់បន្ថែមទៀតថា​ "ការចូលរួមរបស់អង្គការ ដែលធ្វើការជួយប្រជាពលរដ្ឋ ពិតប្រាកដជាមួយរាជរដ្ឋាភិបាល គឺជាការផ្តល់សិទ្ធិសេរីភាព និងឱកាសឱ្យអង្គការជាដៃគូ ចូលរួមអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងថ្ងៃនេះ អង្គការបាន Aide et Action និងអង្គការដើម្បីភាពញញឹម នៃកុមារចូលរួមកសាងសាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ" ។

បើតាមលោក​ ហ៊ុន​ ម៉ាណែត​ ថា​ ការរក្សាសុខសន្តិភាព ស្ថេរភាពដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅក្នុងសេចក្តីសុខ  មានការរីកចម្រើន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ  កូនចៅប្រជាពលរដ្ឋ មានឱកាសរៀនសូត្រ នេះហើយដែលរដ្ឋាភិបាល បានខិតខំធ្វើសម្រាប់ ប្រជាពលរដ្ឋ ។ 

ក្នុងឱកាសនោះលោកក៏ បានថ្លែងអំណរអរគុណដល់អង្គការ Aide et Action និងអង្គការដើម្បី ភាពញញឹមនៃកុមារ សប្បុរសជន និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម កសាងនូវសមិទ្ធិផលនេះ ។ សូមថ្លែងអំណរគុណ អាណាព្យាបាល លោកគ្រូ អ្នកគ្រូដែលបានខិតខំ ចិញ្ចឹមបីបាច់ថែរក្សា បង្ហាត់បង្រៀន អប់រំសីលធម៌ គុណធម៌ដើម្បីឱ្យសិក្សានុសិស្ស ក្លាយជាបុគ្គលល្អ មានអនាគតល្អប្រសើរដើម្បី ជួយដល់គ្រួសារនិងសង្គមជាតិ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top