Sunday, Feb 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករ៉ឺម៉ក ស្លាប់ទាំងពីរនាក់ ឪពុកនិងកូនប្រុស

តាកែវ៖ បុរសជាឪពុក និងកូនប្រុសអាយុ៤ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីឪពុកបានជិះម៉ូតូក្នុងល្បឿនលឿន រួចទៅបុកនិងរ៉ឺម៉ក ដែលមកបញ្ច្រាស់ទិសគ្នា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅទី១២ ខែមករា ឆ្នាំ២០១៧ នៅខាងជើងរង្វង់មូលអូរចំបក់ ស្ថិតនៅក្នុងភូមិសិង្គ សង្លាត់រកាក្នុង ក្រុងដូនកែវ ។  

យោងតាមសមត្ថកិច្ចនគរបាលក្រុងដូន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូម៉ាកស្កុបពី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AP-1717 និងម៉ូតូរ៉ឺម៉កគ្មានស្លាកលេខ ១គ្រឿងទៀត ដែលដឹកអ្នកជិះច្រើននាក់មកផ្សារតាកែវ ។ ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យអ្នកបើកបរម៉ូតូស្កុបពី ឈ្មោះ លី ឡា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ និងកូនប្រុសឈ្មោះ លីប៉ុន បញ្ញាវុទ្ធ អាយុ៤ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកប្រពន្ធបានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ជនរងគ្រោះទាំងពីរនាក់ឪពុក និងកូន មានទីលំនៅក្នុងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកម្ចាស់រ៉ឺម៉កមាន ឈ្មោះ ជុំ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូង ឃុំទ្រា ស្រុកសំរោង រងរបួសស្រាល និងអ្នកជិះលើរ៉ឺម៉កម្នាក់ រងរបួសធ្ងន់ មានឈ្មោះ ម៉េង ពេជ្រ ភេទស្រី អាយុ៤៩ឆ្នាំ រស់ក្នុងភូមិឃុំជាមួយម្ចាស់រ៉ឺម៉ក ។ 

ក្រោយសមត្ថកិច្ចចរចរណ៍ក្រុង ចុះវាស់វែង និងធ្វើកំណត់ហេតុរួច សពឪពុកកូនទាំងពីរ ត្រូវបានប្រគាល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកវត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីធ្វើការដោះគ្នានៅពេលក្រោយ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top