Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លោក ម៉ែន វិបុល ថាអ្នកទោសគ្រឿងញៀន នៅពន្ធនាគាខេត្ត ពេញអស់ហើយ

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លើកឡើងថា អ្នកទោសពាក់ព័ន្ធ បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាប់ឃុំនៅពន្ធនាគា ខេត្តស្វាយរៀង បច្ចុប្បន្ននេះ ពេញណែនអស់ហើយ អាជ្ញាធរខេត្ត នឹងរកកន្លែងថ្មី សម្រាប់បន្សាបគ្រឿងញៀន នៅពេលខាងមុខនេះ ។

លោកលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជាគណៈអធីបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រតិបត្តិការត្រួតពិនិត្យ គ្រឿងញៀន ប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ដែលមានសមត្ថកិច្ច ដែលពាក់ពន្ធ័រួមមាន ស្រុក អធិការក្រុង ស្រុកទាំង៨ មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ-សង្កាត់ទាំង៨០ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ២៨០នាក់ ។

លោកអភិបាលខេត្ត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំង មន្ទីរ-អង្គភាព អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ចូលរួមគាំទ្រ និងអនុវត្តន៍យ៉ាងសកម្ម និងរស់រវើក ធ្វើឲ្យសម្រេចបាន នូវសកម្មភាព និងលទ្ធផលលេចធ្លោ គួរឲ្យកត់សម្គាល់ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន នាពេលកន្លងមក ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើនូវ ចំណុចសំខាន់ៗមួយចំនួន ដល់កងកម្លាំង និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ចូលរួមអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ នូវយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែទទួលបានជោគជ័យ និងប្រសិទ្ធភាព បន្ថែមទៀត ជាពិសេសត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវិត្ថភាព ឲ្យបានស៊ីជម្រៅបន្ថែមទៀត និងត្រូវការពារសុត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតចូលមកដល់ នាពេលខាងមុខនេះ ឲ្យបានល្អប្រសើរថែមទៀត  ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top