Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទូបើកលុយ​ATM ប្រឈមលុបបំបាត់ ក្រោយបំផ្ទុះទូបើកលុយនេះ នៅមុខមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ទូបើកលុយ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ATM របស់ធនាគារទាំងអស់ នៅកម្ពុជាប្រឈម នឹងការលុបបំបាត់ចោល បន្ទាប់ពីមានករណីបំផ្ទុះទូ ATM នេះ កាលពីរាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី  ពិភាក្សាស្ដីពីវិធានការ បង្ការទប់ស្កាត់សកម្មភាពភេរវកម្ម និងពិនិត្យលើការងារអនុវត្ដ ភូមិ-សង្កាត់មានសុវត្ថិភាព នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ថា បើពុំមានអ្នកការពារសុវត្ថិភាព និងសន្តិសុខនៅជុំវិញបរិវេណទូបើកលុយ ATM នៅតាមទីសាធារណៈទេ មើលទៅគួរតែ លុបបំបាត់ចោលទាំងអស់ ព្រោះបើនៅតែទុកបន្តទៀត នឹងនាំឲ្យមានបទល្មើសផ្សេងៗ។

លោកថា ករណីផ្ទុះទូ ATM នៅមុខមន្ទីរពេទ្យកុមារជាតិ អាជ្ញាធរមានសមត្ថកិច្ច បានកំណត់មុខសញ្ញាបុរសម្នាក់ ប៉ុន្តែមិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយទេ។ 

លោកអភិបាលរាជធានៅបន្តថា នេះគ្រាន់តែមួយទូនោះទេ ចុះបើពួកជនទុច្ចរឹតបំផ្ទុះគ្រប់ទូនោះ វានឹងបង្កឲ្យមានចលាចល នៅទូទាំងប្រទេសជាក់ជាមិនខាន។ លោកប៉ា សុជាតិវង្ស បានសង្កត់ធ្ងន់ថា មុននឹងឈានដល់ពេលបិទទូបើកលុយនេះ ត្រូវរួមគ្នាសិក្សាឲ្យបានល្អិតល្អន់សិន។

លោកបានឲ្យដឹងទៀតថា  ការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម ក៏ជាវិធានការដែលត្រូវឲ្យរដ្ឋបាលសង្កាត់ ខណ្ឌ រាជធានី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការគ្នា ដើម្បីកំណត់នូវមុខសញ្ញា ក្ដាប់ឲ្យបាននូវស្ថិតិបច្ចុប្បន្នភាព សកម្មភាពអសន្ដិសុខ សមាសភាពបណ្ដាញមុខសញ្ញា​ ដែលមានការពាក់ព័ន្ធនឹងភេរវកម្ម ការតាមដាន ត្រួតពិនិត្យ វាយតម្លៃសភាពការណ៍ និងការងារមួយចំនួនទៀត ដើម្បីពង្រឹងវិធានការការពារសន្ដិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជនបរទេស ព្រមទាំងទីតាំងសំខាន់ៗ ក្នុងរាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top