Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សៀវភៅប្រវត្តិសាស្ដ្រ​ របបសាធារណៈរដ្ឋខ្មែរ ត្រូវបានបោះពុម្ភលក់ ជាផ្លូវការចំនួន ៥០០ក្បាល

ភ្នំពេញ ៖ សៀវភៅប្រវត្តិសាស្ដ្រ បង្ហាញពីរបបសាធារណៈរដ្ឋខ្មែរ (The Khmer Republic) ដែលជារបប ដឹកនាំកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបំផ្លិចបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធនានា រួមទាំងសម្លាប់ ប្រជាពលរដ្ឋ រាប់លាននាក់ ចងក្រងដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រែសម្រួលពីភាសាបារាំង មកជាភាសាអង់គ្លេស បោះពុម្ភលក់ជាផ្លូវការហើយ ក្រោយមានកិច្ចសហការ ពីលោក Casey Barnett នាយកវិទ្យាស្ថាន CamEd Business School ។

បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែមេសានេះ សៀវភៅនេះ គឺជា​ស្នាដៃផ្ទាល់របស់ខ្លួន ដែលចងក្រងឡើងដោយសារការចង់ចាំ និងការស្ថិតក្នុងទិដ្ឋភាពជាក់ស្ដែងខ្លះៗ នារបប​សាធារណៈរដ្ឋខ្មែរនោះ ។ លោកបន្ដថា សៀវភៅប្រវត្តិសាស្ដ្រនេះ ត្រូវបានបោះពុម្ភជាភាសាបារាំង​តាំងពីយូរ​ណាស់មកហើយ ប៉ុន្ដែក្រោយមានកិច្ចសហការជាមួយវិទ្យាស្ថាន CamEd Business School ទើបលោក​សម្រេចប្រែសម្រួលមកជាភាសាអង់គ្លេស ដើម្បីលក់ជាសាធារណៈឲ្យក្មេងៗជំនាន់ក្រោយបានដឹង ។

លោកបន្ថែមថា ខ្លឹមសារនៃសៀវភៅក្រោមចំណងជើង “The Khmer Republic” គឺផ្ដោតលើបញ្ហា​សំខាន់ៗ​ជាច្រើន ក្រោមការដឹកនាំរបស់របបសាធារណៈរដ្ឋខ្មែរ ពិសេសគឺឆ្លុះបញ្ចាំងពីអត្តចរឹក​របស់មេដឹកនាំ​នាសម័យ​នោះ ដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម និងរបបខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ​គ្នាឯងអស់​រាប់លាន់នាក់ រួមទាំងបំផ្លាស់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលនានាស្ទើរទាំងស្រុង ។ លោករំពឹងថា សៀវភៅ​នេះ នឹងរួមចំណែកយ៉ាងសំខាន់ សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតជំនាន់ក្រោយ ។

ជាមួយនោះលោក Casey Barnett ដែលជាអ្នកចំណាយលើការបកប្រែ និងបោះពុម្ភសៀវភៅ បានលើកឡើងថា ការចំណាយលើសៀវភៅប្រវត្តិសាស្ដ្រនេះ គឺលោកមិនគិតពីផលចំណេញអ្វីឡើយ លោកគ្រាន់តែចង់ឲ្យ​ប្រជា​ពលរដ្ឋខ្មែរជំនាន់ថ្មី និងជនបរទេស បានដឹងពីប្រវត្តិសាស្ដ្រដឹកនាំប្រទេសកម្ពុជាក្នុងសម័យនោះ ក៏ដូចជាផ្ដល់​ភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិត ដើម្បីទុកជាឯកសារប្រវត្តិសាស្ដ្រនាពេលអនាគត ។

គួរបញ្ជាក់ថា សៀវភៅដើមនៃ The Khmer Republic គឺជានិក្ខេបបទរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ អំឡុងពេលលោកសិក្សានៅប្រទេសបារាំង​​ កាលពីឆ្នាំ១៩៧៨ មុននឹងលោកសម្រួល បន្ថែមជា ភាសាបារាំងបោះពុម្ភផ្សាយកាន់តែទូលំទូលាយក្នុងឆ្នាំ១៩៩៣ ។  ប៉ុន្ដែដោយសារមានការចាប់អារម្មណ៍ពីលោក Casey Barnett ភាគីទាំងពីរក៏ឯកភាពលើការប្រែសម្រួលជាភាសាអង់គ្លេសនេះ ហើយក៏កំពុងចងក្រង បន្ថែមជាភាសាខ្មែរ ដើម្បីចេញលក់ក្នុងពេលឆាប់ៗខាងមុខទៀតផង ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top