ភ្នំពេញ៖ នៅតាមបណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន ជាពិសេសអង្គភាពទស្សនាវដ្ដី គេបានកត់សម្គាល់ឃើញថា មួយរយៈប៉ុន្មាន ខែចុងក្រោយនេះ បានផ្ដោតការចាប់ អារម្មណ៍យ៉ាងខ្លាំងទៅលើ រឿងរ៉ាវជីវិតស្នេហា របស់តារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស លោក សាពូន មីដាដានិង តារាសម្ដែង សឿ សុធារ៉ា ហើយបានសរសេរ ផ្ដោតសំខាន់ថា ចំណងអាពាហ៍ពិពាហ៍ របស់ពួកគេទាំងពីរ ដែលកំពុងរស់នៅយ៉ាងសុខសាន្តត្រាណ ជាមួយនឹង ដំណក់ឈាមកូនស្រីមួយ នាពេលនេះ កំពុងតែឈានឆ្ពោះទៅរកផ្លូវបំបែក ពោលគឺការធ្វើដំណើរទៅកាន់ការលែងលះគ្នាទៀតផង ។
ព័ត៌មានដ៏រសើបនេះ បានធ្វើឲ្យ សាពូន មីដាដា និង សឿ សុធារ៉ា ងងឹតមុខឈឹងនិយាយលែងចេញ ហើយបានសម្ដែង ការហួសចិត្តជាពន់ពេកក្រៃ ដល់អ្នកសរសេរព័ត៌មាន និងអង្គភាពទស្សនាវដ្ដី ដែលចេះតែសរសេរ គ្មានមូលដ្ឋានច្បាស់លាស់ និងការទទួលព័ត៌មានមិនបានត្រឹមត្រូវ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទាំងអារម្មណ៍មួរ ហ្មងក្នុងចិន្ដា លោកសាពូន មីដាដា បាននិយាយថា "រឿងហ្នឹងដូចជាហួសហេតុពេក សម្រាប់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ។ ខ្ញុំបានឃើញទស្សនាវដ្ដីមួយនោះ ដូចជាគ្មានក្រមសីលធម៌ ជាអ្នកសារព័ត៌មានអីបន្តិច សោះតែម្ដង ហើយខ្ញុំឃើញអ្នក អានមួយចំនួន ធំគេលែងជឿ ទៅលើទស្សនាវដ្ដីនោះដែរ វាអត់សុក្រិត និងអត់ប្រក្រតីបន្តិចណាសោះ ចុះផ្សាយគ្មានដឹងស្អី ធ្វើអញ្ចឹងវាអាប់តម្លៃ អ្នកសិល្បៈដែលជាផ្នែក មួយជួយទ្រទ្រង់ដល់ ជាតិយើងទាំងមូល "។
សាពូន មីដាដា បានបន្តដោយសម្ដីខ្លាំងៗថា " សូម្បីតែ ថ្នាក់ដឹកនាំប្រទេស ព្រះមហាក្សត្រ ក៏ទ្រង់គាំទ្រសិល្បៈ ស្រលាញ់សិល្បៈ ឲ្យអ្នកសិល្បៈច្រៀង ថ្វាយព្រះពរព្រះអង្គ ចំណែកឯអាពួកទស្សនាវដ្ដី និយាយទៅដូចជា អត់ដឹងអីទាល់តែសោះ ខ្ញុំដូចជាឆ្ងល់ដែរ គ្មានធ្វើអ្វីឲ្យរីកចម្រើន មានតែការសរសេរ ចោទផ្ដេសផ្ដាស ហើយមិនថាតែខ្ញុំទេ សិល្បករ សិល្បការិនី គ្រប់តែគ្នាគេរអ៊ូរទាំទាំងអស់ វាអស់ទាស់រហូតដល់ ថ្នាក់គេអត់ឲ្យថតទៀត ហើយទៅសសៀៗ ក្បែរគេសុំថតគេហ្នឹង.... ខ្ញុំនិយាយត្រង់បណ្ដោយទៅ....!"។
យ៉ាងណាក៏ដោយ ថ្វីបើបណ្ដាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានវាយប្រហារយ៉ាងចាស់ដៃ ទៅលើជីវិតស្នេហា របស់សាពូន មីដាដា និងភរិយាលោក បែបនេះក្ដី ក៏តារារូបនេះបានអះអាងថា លោកមិនមានវិធាន ការតាមច្បាប់ណាមួយទៅលើ អ្នកកាសែត ឬអង្គភាពទស្សនាវដ្ដីនោះឡើយ។ ដោយលោកសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងមានអារម្មណ៍ មានគំនិតតិចតួចចេះឲ្យតម្លៃអ្នកសិល្បៈ ឈប់សរសេររឿងអាស្រូវ និងងាកមកមើលពីសកម្មភាពល្អៗរបស់អ្នកសិល្បៈវិញ ។
ការប្រតិកម្មខ្លាំងៗបែបនេះ បានទាញការចាប់អារម្មណ៍ ជាថ្មីម្ដងទៀត ដល់បណ្ដាញសារព័ត៌មាននានា ព្រោះ សាពូន មីដាដា បានរំឮកថា លោកក៏ធ្លាប់ ធ្វើជាអ្នកព័ត៌មានដែរ ពីអតីតកាលកន្លងទៅ ពេលលោកក្លាយជា តារាល្បីក៏យល់ពីអារម្មណ៍ របស់អ្នកសារព័ត៌មាន តែសម្រាប់រឿងរ៉ាវ ប៉ះលើជីវិតឯកជន កន្លងមកវាមានលក្ខណៈ ហួសពីការពិតឆ្ងាយណាស់ ដូច្នេះតារារូបនេះមិនអាចទទួលយកបានឡើយ៕





















.jpg)

.gif)