សម្ព័ន្ធមិត្តជិតស្និទ្ធរុស្ស៊ី បញ្ជូនកងរថក្រោះជាច្រើន ទៅក្បែរព្រំដែនអ៊ុយក្រែន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបេឡារូស កំពុងដាក់ពង្រាយអង្គភាពរថក្រោះ ទៅកាន់ព្រំដែនអ៊ុយក្រែន។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីទីក្រុងរដ្ឋាភិបាលទីក្រុង Minsk ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងមូស្គូក្នុងតំបន់ បានអះអាងថាបានបាញ់ទម្លាក់ដ្រូន របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលខ្លួនបាននិយាយថា បានរំលោភលើដែនអាកាសរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា ផ្នែកខ្លះនៃកងកម្លាំងសំខាន់របស់ខ្លួន ត្រូវបានដាក់ឱ្យប្រុងប្រយ័ត្ន ហើយការត្រៀមរៀបចំកំពុង ត្រូវបានធ្វើឡើងដើម្បីបញ្ជូនរថក្រោះ និងយានជំនិះផ្សេងទៀតតាមរថភ្លើងទៅកាន់តំបន់ Gomel និង Mozyr នៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីក៏បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីរថក្រោះប្រយុទ្ធសំខាន់ៗ ក្នុងសម័យសូវៀតជាច្រើនដែល បើកបរលើផ្លូវដែកប៉ុន្តែយ៉ាងនាក្តី នៅមិនទាន់ច្បាស់នៅឡើយទេថា តើកងកម្លាំងព្រំដែនរបស់ប្រទេសបេឡារូស កំពុងត្រូវបានពង្រឹងបន្ថែម ឬនៅពេលណាដែលកងកម្លាំងថ្មីនឹង មកដល់តំបន់ដាក់ពង្រាយនោះទេ។ គួរឲ្យដឹងដែរថាការដាក់ពង្រាយឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បាននិយាយថា យោធាបានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលបានរំលោភលើដែនអាកាសរបស់ប្រទេសនេះ នៅតំបន់ភាគខាងត្បូងនៃប្រទេស៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed