អ៊ីស្រាអែល បើកការវាយប្រហារ សំដៅលើទីតាំង យោធាស៊ីរី នៅជិតតំបន់ Golan Heights
ដាម៉ាស់៖ ការផ្ទុះជាបន្តបន្ទាប់បានកក្រើកតំបន់មួយនៅជិតតំបន់ Golan Heights ដែលចាតំបន់កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរី ដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូងប្រទេស។ ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ផ្សែងហុយចេញពីកន្លែងកើតហេតុ ហើយរថយន្តសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ នេះបើតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយការវាយប្រហារនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទឹកដីស៊ីរី។ យោងតាមក្រុមសង្កេតការណ៍ អ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ៥៩ លើកលើទឹកដីស៊ីរីចាប់តាំងពីដើមឆ្នាំនេះ ដែលក្នុងនោះ ៤២ គឺជាការវាយប្រហារតាមអាកាស និង ១៧ លើកជាការវាយប្រហារបានកំណត់គោលដៅ និងបំផ្លាញទីតាំងចំនួន ១២២ រួមទាំងឃ្លាំងអាវុធ ទីបញ្ជាការយោធា និងរថយន្ត។ ក្រុមអ្នកសង្កេតការណ៍បានកត់ត្រាការស្លាប់របស់បុគ្គលិកយោធា ១៧៨ នាក់ និងរបួស ១០៣នាក់ផ្សេងទៀត ជាលទ្ធផលនៃការវាយប្រហារទាំងនេះ។ បន្ថែមពីលើនេះ ជនស៊ីវិល ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ នេះបើយោងតាមក្រុមសង្កេតការណ៍៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed