យោធាចិន និងអាមេរិក នឹងចូលរួមសមយុទ្ធយោធា មួយជាមួយគ្នានៅ ក្នុងប្រទេសប្រេស៊ីល
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់សំដីកងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលដែលបាននិយាយថា កងទ័ពជើងទឹកអាមេរិក និងចិនកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយកងកម្លាំងប្រដាប់អាវុធប្រេស៊ីលជាលើកដំបូង។ សមយុទ្ធយោធាដែលត្រូវបានគេស្គាល់ឈ្មោះថា៖Operation Formosa គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយរបស់អាមេរិកឡាទីនហើយវាត្រូវបានធ្វើឡើងដំបូងតាំងពីឆ្នាំ១៩៨៨មកម្ល៉េះនៅជិតទីក្រុង Formosa ប្រទេសប្រេស៊ីល។ បុគ្គលិកយោធាប្រហែល៣,០០០ នាក់មកពីបណ្តាប្រទេសរួមទាំងអាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និងអាហ្វ្រិកខាងត្បូង បានចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ខែកញ្ញា។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីលបានប្រាប់ក្រុមអ្នកយកព័ត៌មានថាសមយុទ្ធឆ្នាំនេះរួមមានយោធាចិនចូលរួម៣៣នាក់និង៥៤នាក់មកពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកខណៈដែលកាលពីឆ្នាំមុន អាមេរិកបានបញ្ជូនទាហានពីទីបញ្ជាការខាងត្បូងរបស់ខ្លួន ខណៈដែលចិនបានចូលរួមជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ របាយការណ៍នេះបានចង្អុលបង្ហាញថា យោធាចិន និងអាមេរិកមិនបានធ្វើសមយុទ្ធយោធារួមគ្នាចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានអញ្ជើញទីក្រុងប៉េកាំងទៅកាន់សមយុទ្ធ Rim of the Pacific ដែលត្រូវបានគេស្គាល់ថា Rimpac ។ ចិនបានបញ្ជូននាវាចម្បាំង៥គ្រឿង និងទាហានប្រហែល១.២០០នាក់មកចូលរួមកាលពីគ្រានោះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed