អ៊ីស្រាអែល នឹងប្តូរទិសដៅយោធាទៅកាន់លីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រទេសនេះកំពុងផ្លាស់ប្តូរទិសដៅ នៃយុទ្ធនាការយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលលោកបាន ទទួលការសង្ខេបអំពី សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលជាសមរភូមិនៅក្នុងទឹកដីលីបង់។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យ របស់លោក បានឲ្យដឹងថា “យើងកំពុងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង នៅពេលដែលយើងខិតជិតដល់ការ បញ្ចប់បេសកកម្ម នៅភាគខាងត្បូង ដែលជាតំបន់ហ្គាហ្សា” ។ លោកបានប្រាប់ទាហានអ៊ីស្រាអែលថា “អ្នកត្រូវត្រៀមខ្លួន ដើម្បីបំពេញបេសកកម្មនេះ” ពោលជាបេសកកម្មប្រយុទ្ធ នៅក្នុងប្រទេសលីបង់វិញម្ដង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក បានទៅទស្សនាច្រករបៀង Netzarim ដែលបែងចែកតំបន់ហ្គាហ្សា ទៅជាផ្នែកភាគខាងជើង និងភាគខាងត្បូង ហើយបច្ចុប្បន្នស្ថិត នៅក្រោមការគ្រប់គ្រង របស់យោធាអ៊ីស្រាអែល។ លោកបានបន្ដថា “យើងកំពុងប្រតិបត្តិការនៅទីនេះ ដើម្បីសម្រេចបាន នូវគោលបំណងរបស់យើង ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរទិសដៅ ទៅភាគខាងជើង យ៉ាងឆាប់រហ័ស”៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed