ការអត់ឱន របស់លោកខាងលិច លើជម្លោះហ្គាហ្សា ប៉ះពាល់ដល់ ស្ថិរភាពក្នុងតំបន់
គែរ ៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានព្រមានថា “ការអត់ឱន” របស់លោកខាងលិច សម្រាប់ជម្លោះតំបន់ហ្គាហ្សា ដែលកំពុងបន្តអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។ លោក Aboul-Gheit បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយ Tor Wennesland អ្នកសម្របសម្រួល ពិសេសរបស់អង្គការ សហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាព មជ្ឈិមបូព៌ានៅទីក្រុងគែរ នេះបើយោង តាមសេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធអារ៉ាប់ ។ ក្រុមមន្ត្រីបានពិភាក្សាអំពីការ អភិវឌ្ឍន៍តំបន់ហ្គាហ្សា និងវេសប៊ែង ដោយផ្តោតលើផលប៉ះពាល់ក្នុងតំបន់នៃជម្លោះ និងការកើនឡើងសក្តានុពលនៅជួរមុខលីបង់។ ពួកគេបានយល់ព្រមលើតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ រួមជាមួយនឹងដំណើរការនយោបាយដែលនិយាយអំពីការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីជំហានការទូត នាពេលអនាគត ដើម្បីផ្លាស់ប្តូរដំណោះស្រាយរដ្ឋទាំងពីរចេញពីក្របខ័ណ្ឌនៃ “វោហាសាស្ត្រ និងចេតនា ទៅកាន់វិស័យសកម្មភាព និងការអនុវត្ត”។ លោក Aboul-Gheit បានសង្កត់ធ្ងន់ថា ការងារនយោបាយ ត្រូវតែបន្តលើគ្រប់មុខ ជាពិសេសនៅក្នុងអង្គការ សហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed