កោះតៃវ៉ាន់ រាយការណ៍ពីការកើនឡើង នៃសកម្មភាពយោធារបស់ចិន នៅពេលការបោះឆ្នោត នៅអាមេរិក ខិតជិតមកដល់

បរទេស៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣៥ គ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលកំពុងហោះហើរទៅកាន់ភាគខាងត្បូងនៃកោះនេះ តាមផ្លូវទៅធ្វើសមយុទ្ធនៅប៉ាស៊ីហ្វិក ដែលជាថ្ងៃទីពីរជាប់ៗគ្នាដែលខ្លួនបានរាយការណ៍ ពីសកម្មភាពបែបនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិក៏ដោយនោះ គឺតែងតែបញ្ជូនយោធារបស់ខ្លួនទៅលើអាកាស និងដែនទឹកនៅជិតកោះនេះ ដើម្បីស្វែងរកការពង្រឹងការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ ក្រសួងការពារជាតិរបស់ប្រទេសចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើបេសកកម្មនេះទេ ដែលត្រូវបានរាយការណ៍តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកមកដល់នៅថ្ងៃអង្គារនេះ។ សហរដ្ឋអាមេរិកត្រូវបានកំណត់ដោយច្បាប់ក្នុងការផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់សព្វាវុធរបស់ខ្លួនទៅឱ្យក្រុងតៃប៉ិ រួមទាំងប្រព័ន្ធកាំជ្រួចដែលមានតម្លៃ ២ ពាន់លានដុល្លារដែលបានប្រកាសកាលពីខែមុនបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា ចាប់ពីម៉ោង ៩ ព្រឹក កាលពីថ្ងៃអាទិត្យ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣៧ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 យន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះគ្មានមនុស្សបើក៕ប្រែសម្រួលៈ ណៃ តុលា