លោក Lavrov ព្រមានអង្គការណាតូ ជុំវិញបន្ទាត់ក្រហមនៃ ការប្រើប្រាស់មីស៊ីល
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា ទីក្រុងមូស្គូនឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបចំពោះ សកម្មភាពឈ្លានពាន របស់អង្គការណាតូនោះទេ។ អ្នកការទូតរូបនេះបានប្រាប់កាសែត Rossiya Segodnya កាលពីថ្ងៃអង្គារថា ការអនុញ្ញាតឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច សម្រាប់ការវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ី នឹងត្រូវបានចាត់ទុកជាជំហានមួយ ដែលត្រូវតែធ្វើការឆ្លើយតប។ លោក Lavrov បាននិយាយថា កងកម្លាំងរបស់ទិក្រុងគៀវ នឹងមិនអាចដំណើរការអាវុធបែបនេះ ដោយឯករាជ្យបានទេ ហើយនឹងតម្រូវឱ្យមានវត្តមាន របស់អ្នកឯកទេសរបស់អង្គការណាតូ ក៏ដូចជាទិន្នន័យស៊ើបការណ៍សម្ងាត់ ដែលទទួលបានតាមរយៈ ប្រព័ន្ធផ្កាយរណបរបស់ប្លុកនេះផងដែរ។ អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើអាវុធបែបនេះត្រូវបានប្រើប្រាស់ នោះមានន័យថា មិនមែនតែអ៊ុយក្រែនទេ ប៉ុន្តែប្រទេសណាតូកំពុងបើកសង្រ្គាមជាមួយរុស្ស៊ី។ ដូចនេះជម្លោះនេះ ដែលមេដឹកនាំលោកខាងលិចព្យាយាមលាក់បាំង នឹងចេញរូបរាងមកយ៉ាងពិតប្រាកដ។ យោងតាមការអះអាងដោយលោក Lavrov បានបន្ថែមទៀតថា ទីក្រុងមូស្គូបានដឹងយ៉ាងច្បាស់ អំពីគោលនយោបាយឈ្លានពាន របស់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយលោកខាងលិចបានចាត់ទុករុស្ស៊ីថា ជាការគំរាមកំហែងដោយផ្ទាល់ដ៏ធំបំផុត ចំពោះសន្តិសុខរបស់ខ្លួន ដែលកងទ័ពណាតូកំពុងត្រូវបាន បណ្តុះបណ្តាលដើម្បីបើកប្រតិបត្តិការ វាយលុកផងដែរ៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed