រដ្ឋាភិបាលក្រុងប៊ែរឡាំង កំពុងស្ថិតនៅក្នុងវិបត្តិ នៃគោលនយោបាយសេដ្ឋកិច្ច

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍រដ្ឋ Deutsche Welle (DW) បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz កំពុងតែនាំមុខលើគោលនយោបាយ សេដ្ឋកិច្ចរបស់ខ្លួន និងជោគវាសនានៃថវិកាសហព័ន្ធនៅឆ្នាំក្រោយ។ មុននេះប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា ការខ្វែងគំនិតគ្នានៅក្នុងសម្ព័ន្ធភាគីទាំងបី ត្រូវបានគេរាយការណ៍ថាមានភាពស៊ីជម្រៅ និងកំពុងប្រថុយប្រថាន ទៅនឹងបំផ្លាញស្ថិរភាពរបស់ខ្លួន ដោយព្រមានអំពីការធ្លាក់ចូលទៅ ក្នុងទំរង់វិបត្តិផងដែរ។ គួរឲ្យដឹងដែរថា សភាអាល្លឺម៉ង់ត្រូវតែអនុម័តថវិកាឆ្នាំ២០២៥ នៅចុងខែនេះដែលគណៈកម្មាធិការថវិកា របស់សភាគ្រោងនឹងពិនិត្យសេចក្តីព្រាង ចុងក្រោយនៅថ្ងៃទី ១៤ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រាងថវិការបស់រដ្ឋាភិបាល នៅតែមានឱនភាព ជាច្រើនពាន់លានអឺរ៉ូនៅឡើយ ហើយដៃគូចម្រុះកំពុងតស៊ូក្នុងការយល់ព្រម លើវិធីដើម្បីយកឈ្នះលើការខ្វះខាតមួយនេះ។ កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានដាក់បង្ហាញសេចក្តីព្រាងច្បាប់នៃ គោលនយោបាយដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Christian Lindner ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (FDP)។ ឯកសារដែលមាន១៨ទំព័រ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ យ៉ាងខ្លាំងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច របស់ប្រទេសដែលនឹងពាក់ព័ន្ធនឹង ការបន្ធូរបន្ថយពន្ធទ្រង់ទ្រាយធំសម្រាប់ក្រុមហ៊ុន ក៏ដូចជាការកាត់បន្ថយការផ្តល់ មូលនិធិសម្រាប់កម្មវិធីការពារអាកាសធាតុ និងកាត់បន្ថយការចំណាយសុខុមាលភាពផងដែរ ៕ ប្រែសម្រួល៖ ស៊ុន លី