ចិន ៖ មនុស្ស៣៥នាក់ស្លាប់ និងជាង ៤០នាក់ទៀត របួស ដោយសារបុរសចំណាស់ម្នាក់ បើករថយន្តបំបុក

បរទេស ៖ ប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកអ្នកថ្មើរជើង ជាច្រើននាក់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នករងរបួសក្នុងឧបទ្ទវហេតុកាលពីល្ងាចថ្ងៃចន្ទ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៣ នាក់។ ប៉ូលីសបាននិយាយនៅមុននេះថា រថយន្តមួយគ្រឿងបាន “បុកអ្នកថ្មើរជើងជាច្រើននាក់ ហើយបន្ទាប់មកបានរត់គេចពីកន្លែងកើតហេតុ” នៅឯមជ្ឈមណ្ឌលកីឡា Zhuhai ។ តាមការបញ្ជាក់ថា អ្នកបើកបររថយន្តក្រោយមកត្រូវបានឃាត់ខ្លួន។ ជនសង្ស័យត្រូវបានគេស្គាល់ថាជាបុរសអាយុ៦២ឆ្នាំ។ បំណងចិត្តរបស់គាត់បច្ចុប្បន្ននៅតែមិនច្បាស់លាស់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា អ្នកថ្មើរជើងរាប់សិបនាក់ដែលរងរបួសក្នុងឧបទ្ទវហេតុនេះ រួមមានមនុស្សចាស់ និងកុមារ។ យោងតាមរបាយការណ៍ ជនរងគ្រោះដែលនៅរស់ រានមានជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។ សារព័ត៌មាន Caixin ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា រថយន្ត SUV បានបុកសមាជិកនៃក្រុមហាត់ប្រាណជាច្រើននៅផ្លូវក្រៅជុំវិញមជ្ឈមណ្ឌលកីឡា៕ប្រែសម្រួលៈ ណៃ តុលា