ប្រទេសជប៉ុន មានបំណងឱ្យយានជំនិះថ្មី ទាំងអស់ប្រើប្រាស់ជីវៈឥន្ធនៈ នៅដើមទសវត្សរ៍ឆ្នាំ២០៣០

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានអំពាវនាវដល់ក្រុមហ៊ុន ផលិតរថយន្តឱ្យសម្របខ្លួន ជាមួយនឹងរថយន្តថ្មីរបស់ពួកគេទៅជាឥន្ធនៈ ជីវឥន្ធនៈនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយឧស្ម័នឡើងកំដៅផែនដី។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយថា ខ្លួនរំពឹងថា រថយន្តនឹងអាចប្រើប្រាស់បានជាមួយប្រេងសាំង លាយជាមួយនឹងជីវឥន្ធនៈរហូតដល់ ២០ភាគរយ ដោយបន្ថែមថា ខ្លួនគ្រោងនឹងធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើតផែនការសកម្មភាពមួយ នៅរដូវក្តៅក្រោយ។ ជីវឥន្ធនៈត្រូវបានផលិតចេញពីរុក្ខជាតិ ដែលស្រូបយកកាបូនឌីអុកស៊ីត និងមានប្រសិទ្ធភាពជាងក្នុងការ កាត់បន្ថយការបំភាយឧស្ម័នកាបូនិក CO2 ជាងប្រេងសាំងធម្មតា។ រថយន្តដែលមានស្រាប់ភាគច្រើន អាចប្រើប្រាស់ឥន្ធនៈជីវឥន្ធនៈក្នុងកម្រិតទាបប្រហែល ៣ភាគរយ ប៉ុន្តែការបង្កើនកម្រិតដល់ ២០ភាគរយ តម្រូវឱ្យមានការកំណត់ស្តង់ដារថ្មី ដោយផ្ទៀងផ្ទាត់សុវត្ថិភាពប្រេងឥន្ធនៈ និងផលប៉ះពាល់លើការបំភាយកាបូន។ ការធានាការផ្គត់ផ្គង់ប្រកបដោយ ស្ថិរភាពក៏នឹងជាបញ្ហាមួយផងដែរ ដោយសារប្រទេសជប៉ុន ភាគច្រើននាំចូលជីវឥន្ធនៈ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងនឹងស្នើសុំអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ដូចជាអ្នកលក់ដុំប្រេងឥន្ធនៈ ដើម្បីមានគោលបំណងផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលលាយជាមួយនឹងឥន្ធនៈជីវៈរហូតដល់ ១០ ភាគរយនៅឆ្នាំសារពើពន្ធ ២០៣០ និងរហូតដល់ ២០ ភាគរយនៅឆ្នាំសារពើពន្ធ ២០៤០ ៕ ប្រែសម្រួល ឈូក បូរ៉ា