សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក សម្រាប់ជំនួយយោធាជាបន្ទាន់ រវាងរុស្ស៊ី និងកូរ៉េខាងជើង ចូលជាធរមានហើយ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា “សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលបានព្រមព្រៀងដោយមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីកាលពីខែមិថុនា បានចូលជាធរមានហើយ កាលពីថ្ងៃពុធជាមួយនឹងការផ្លាស់ប្តូរ “ឧបករណ៍ផ្តល់សច្ចាប័ន” នៅទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងខែមិថុនា និងកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង ហើយរួមទាំងសន្ធិសញ្ញាការពារទៅវិញទៅមកសម្រាប់ជំនួយយោធាជាបន្ទាន់ ប្រសិនបើទាំងពីរប្រឈមមុខនឹងការឈ្លានពានដោយប្រដាប់អាវុធ។ KCNA បានផ្សាយថា “វានឹងបម្រើជាកម្លាំងជំរុញដ៏រឹងមាំដែលបង្កើនល្បឿននៃការបង្កើតសណ្តាប់ធ្នាប់ពិភពលោកឯករាជ្យ និងពហុប៉ូល ដោយគ្មានការត្រួតត្រា ការចុះចាញ់ និងអនុត្តរភាព” ។ សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន និងកិច្ចព្រមព្រៀងស្តីពីការបន្តកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរបានកើតឡើងចំពេលដែលទីក្រុងព្យុងយ៉ាងមានការកើនឡើងនៃការចូលរួមនៅក្នុងជម្លោះនៅអ៊ុយក្រែនជាមួយនឹងកងទ័ពកូរ៉េខាងជើងជាង ១០.០០០នាក់ ដែលត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធជាមួយរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed