អ៊ុយក្រែន ប្តេជ្ញាថា នឹងនៅតែបន្តការប្រយុទ្ធគ្នាដដែល ទោះបីជាសហរដ្ឋអាមេរិក ផ្អាកផ្តល់ជំនួយក្តី
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទដោយបានដកស្រង់សម្តីរបស់លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតី ដែលបានលើកឡើងថា ប្រទេសអ៊ុយក្រែន នឹងនៅតែបន្តការប្រយុទ្ធគ្នាដដែល បើទោះបីជារដ្ឋបាលរបស់សហរដ្ឋអាមេរិកដែលចូលមកគ្រប់គ្រងថ្មី ផ្អាកជំនួយក៏ដោយ ។ លោក Yermak បានថ្លែងថា “យើងនឹងបន្តប្រយុទ្ធ ធ្វើការជាមួយរដ្ឋបាលថ្មី (សហរដ្ឋអាមេរិក) និងអភិវឌ្ឍផលិតកម្មក្នុងស្រុក” ។ លោកបានទទួលអំពីស្គាល់ហានិភ័យនៃការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់ថា ប្រទេសអ៊ុយក្រែន នឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុប ប្រសិនបើការកាត់បន្ថយបែបនេះកើតឡើងមែននោះ ។ លោក Yermak បានថ្លែងថា ការអនុវត្តរបស់អ៊ុយក្រែននៅជួរមុខនឹងមានឥទ្ធិពលយ៉ាងសំខាន់ដល់ជំហររបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងជំនួយ ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទាំងស្រុងនោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនប្រហែល៦១,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក គិតត្រឹមពាក់កណ្តាលខែធ្នូនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed