ប្រទេស ម៉ិកស៊ិក មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជនភៀសខ្លួនខុសច្បាប់ ចុះចតក្នុងទឹកដីរបស់ខ្លួន
បរទេស៖ សារព័ត៌មាន NBC News និង Reuters បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថា ប្រទេសម៉ិកស៊ិកបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិក ដឹកជននិរទេសចុះចតនៅលើទឹកដីរបស់ខ្លួននោះទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្ននៅព្រំដែនភាគខាងត្បូង ហើយបានប្តេជ្ញាថា នឹងបង្កើនការនិរទេសជនចំណាកស្រុកខុសច្បាប់ចេញពីសហរដ្ឋអាមេរិក។ សារព័ត៌មាន NBC បានដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិកពីរនាក់ និងប្រភពទីបីដែលនិយាយថា យន្តហោះដឹកជញ្ជូនយោធា C-17 បានដឹកជនចំណាកស្រុកមិនជាក់លាក់ត្រូវបានកំណត់ពេលចុះចតនៅប្រទេសម៉ិកស៊ិក ប៉ុន្តែមិនដែលហោះចេញទេ។ ជើងហោះហើរស្រដៀងគ្នាចំនួនពីរហោះទៅកាន់ប្រទេសហ្គាតេម៉ាឡាដែលមានជនចំណាកស្រុកប្រហែល ៨០នាក់នៅលើយន្តហោះនីមួយៗបានដំណើរការដូចដែលបានគ្រោងទុកកាលពីថ្ងៃសុក្រ។ មន្ត្រីម៉ិកស៊ិកម្នាក់ បានបញ្ជាក់ប្រាប់សារព័ត៌មាន រ៉យទ័រថា យន្តហោះអាមេរិក មិនត្រូវបានអនុញ្ញាតឲ្យចុះចត នៅក្នុងប្រទេសនេះទេ។ ទីភ្នាក់ងារនេះបានផ្សាយថា គាត់មិនបានផ្តល់ហេតុផលសម្រាប់ការបដិសេធនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed