អាមេរិក បើកប្រតិបត្តិការបោសសំអាតអន្តោប្រវេសខុសច្បាប់ នៅក្នុងទីក្រុងញូវយ៉ក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ជាច្រើនដែលប្រដាប់ដោយអាវុធធុនធ្ងន់បានបើកប្រតិបត្តិការការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងញូវយ៉កកាលពីព្រឹកថ្ងៃអង្គារដោយចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើននាក់ ដែលសង្ស័យថាមានឧក្រិដ្ឋកម្មនិងជាប់ពាក់ព័ន្ធនឹងករណីហឹង្សានានា។ ភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិមាតុភូមិឬ Homeland Securtiy តាមរយៈលេខាធិកាដ្ឋាន Kristi Noem គឺជាអ្នកមើលការខុសត្រូវនៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយផ្ទាល់និងក៏ជាថ្ងៃទី៤ នៃការបំពេញការងាររបស់នាងក្នុងតំណែងនេះផងដែរ។ លោកស្រី Noem បានបង្ហោះនៅលើបណ្តាញសង្គម X នៅក្នុងការបង្ហោះមួយផ្សេងទៀត ដោយនាងបាននិយាយថាយើង កំពុងធ្វើពិតជាអ្វីដែលប្រធានាធិបតី Donald Trump ធ្លាប់បានសន្យាជាមួយប្រជាជនអាមេរិកហើយអ្វីដែលយើងកំពុងធ្វើគឺជាផ្លូវដែលមានសុវត្ថិភាពបំផុត។ មិនត្រឹមតែប៉ុណ្ណោះលោកស្រី Noem បានចែករំលែករូបថត និងវីដេអូជាច្រើនរបស់មន្ត្រីប្រដាប់អាវុធយ៉ាងច្រើននៃការស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI), អន្តោប្រវេសន៍ និងការអនុវត្តច្បាប់គយ (ICE), សេវាសម្ងាត់សហរដ្ឋអាមេរិក, រដ្ឋបាលគ្រប់គ្រងគ្រឿងញៀន (DEA), ព្រមទាំងអង្គភាពប្រតិបត្តិការពិសេសរបស់នាយកដ្ឋានប៉ូលីសញូវយ៉ក៕ ប្រែសម្រួល៖ ស៊ុនលី