បារាំង អាចពិចារណាក្នុងការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ ទៅក្នុងប្រទេសអាល្លឺម៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ព័ត៌មានចេញពីកាសែតThe Telegraph បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានត្រៀមខ្លួន ដើម្បីពង្រីកការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន ទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ហើយបញ្ជូនយន្តហោះចម្បាំងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែរទៅឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់តែម្តង។ របាយការណ៍នេះកើតឡើងនៅពេលដែលលោក Friedrich Merz ដែលសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) បានឈ្នះការបោះឆ្នោតសភា របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យចក្រភពអង់គ្លេស និងបារាំងពង្រីកការការពារនុយក្លេអ៊ែរ របស់ពួកគេទៅកាន់ប្រទេសអាល្លឺម៉ង់។ គួរឲ្យដឹងដែរថាឃ្លាំងអាវុធនុយក្លេអ៊ែរ របស់បារាំងដែលត្រូវបានគេប៉ាន់ស្មានថា មានក្បាលគ្រាប់ប្រហែល ៣០០គ្រាប់ បច្ចុប្បន្នដំណើរការដោយឯករាជ្យ ពីអង្គការណាតូខណៈដែលសមត្ថភាពនុយក្លេអ៊ែរ របស់ចក្រភពអង់គ្លេសត្រូវបានដាក់បញ្ចូល ទៅក្នុងយុទ្ធសាស្ត្រការពាររបស់ប្លុកនេះ។ ប្រភពក្រុមអ្នកការទូតអាឡឺម៉ង់បានប្រាប់កាសែត The Telegraph ទៀតថាកិច្ចពិភាក្សាលើបញ្ហានេះមិនទាន់បានចាប់ផ្តើមទេ ហើយថាសំណើផ្លូវការសម្រាប់ការរារាំងនុយក្លេអ៊ែររបស់សហភាពអឺរ៉ុបទំនងជាមិនត្រូវបានធ្វើឡើងទេ លុះត្រាតែសហរដ្ឋអាមេរិកដកខ្លួនចេញពីប្រទេសអាល្លឺម៉ង់ជាមុនសិន។ ទោះបីជាយ៉ាងណាក៏ដោយ CDU ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ ឆ័ត្រនុយក្លេអ៊ែរ ហើយមានឆន្ទៈក្នុងការចំណាយសម្រាប់វា ដោយអ្នកការទូតបាននិយាយថា ដោយកត់សម្គាល់ថា លទ្ធភាពនៃការដាក់ពង្រាយនុយក្លេអ៊ែររបស់បារាំង នៅក្នុងប្រទេសអាឡឺម៉ង់ក៏អាច ដាក់សម្ពាធលើចក្រភពអង់គ្លេសឱ្យ ធ្វើតាមផងដែរ៕ ប្រែសម្រួល៖ ស៊ុន លី