ជប៉ុន ពិចារណាដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយនៅកាន់កោះ Kyushu
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅកាន់កោះ Kyushu ភាគនិរតីប្រទេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទទួលបាន “សមត្ថភាពប្រឆាំង” ដើម្បីវាយប្រហារគោលដៅរបស់សត្រូវក្នុងករណីមានអាសន្ន។ ការដាក់ពង្រាយដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំសារពើពន្ធបន្ទាប់ក្នុងខែមីនា ឆ្នាំ២០២៦ គឺសំដៅពង្រឹងសន្តិសុខនៃខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ភាពជិតរបស់វាជាមួយកោះតៃវ៉ាន់ ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា កោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ អាចត្រូវបានឈ្លានពានដោយប្រទេសចិន។ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមឡើងវិញជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់។ ប្រភពបានឲ្យដឹងថា អាជ្ញាធរកំពុងវាយតម្លៃទីតាំងដាក់ពង្រាយដែលអាចកើតមាន ដោយអ្នកស្រុកមានការព្រួយបារម្ភថា ពួកគេអាចជាគោលដៅក្នុងការវាយប្រហាររបស់សត្រូវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោងតាមប្រភពបានឱ្យដឹងថា មីស៊ីលទាំងនេះអាចនឹងត្រូវបានដាក់ពង្រាយនៅកងវរសេនាធំការពារមីស៊ីលពីដីទៅកប៉ាល់របស់កងកម្លាំងការពារដីគោកនៅ Yufu ក្នុងខេត្ត Oita និងទីក្រុង Kumamoto ប្រទេសជប៉ុន។ ប្រភពបានឲ្យដឹងទៀតថា ខេត្តកោះភាគខាងត្បូងនៃអូគីណាវ៉ា ដែលស្ថិតនៅជិតចិនដីគោក ទំនងជាមិនមែនជាកន្លែងដាក់ពង្រាយ ចំពេលមានការព្រួយបារម្ភថា វាអាចបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed