ចិនប្តេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រឆាំងនឹងការតម្លើងពន្ធរបស់លោក Trump
បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការចូលទៅក្នុងរង្វង់នៃការរឹតបន្តឹងពាណិជ្ជកម្មសងសឹក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែមលើការនាំចូលរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកបានប្រកាសដកពន្ធថ្មីលើការនាំចូលពីជុំវិញពិភពលោក រួមទាំងពន្ធ 34% លើទំនិញចិន។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្តេជ្ញាសងសឹកជាមួយនឹងការដំឡើងពន្ធសមាមាត្រ 34% លើការនាំចេញរបស់អាមេរិក ដែលជំរុញឱ្យលោក Trump គំរាមកំហែងដល់ការកើនឡើងពន្ធបន្ថែមទៀត។ ទីក្រុងប៉េកាំងបានថ្កោលទោសសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងថា ជាទម្រង់មួយនៃ “ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច” ដោយក្រសួងពាណិជ្ជកម្មបានសន្យាកាលពីថ្ងៃអង្គារថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា “ចិននឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើភាគីអាមេរិក ងាកទៅរកផ្លូវខុស” នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មនចិន ស៊ីនហួរ។ លោក Trump បានការពារនូវអ្វីដែលលោកហៅថា “ពន្ធគយទៅវិញទៅមក” ដែលមានចាប់ពី 10% ដល់ 49% លើការនាំចូលពីគ្រប់ប្រទេសទាំងអស់ ដែលជាជំហានចាំបាច់ដើម្បីលុបបំបាត់ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោកអះអាងថា ពន្ធគយនឹងធ្វើឱ្យទំនិញបរទេសមិនសូវទាក់ទាញសម្រាប់អ្នកប្រើប្រាស់អាមេរិក ខណៈពេលដែលដាក់សម្ពាធដល់ដៃគូអន្តរជាតិឱ្យបើកទីផ្សាររបស់ពួកគេចំពោះការនាំចេញរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed