លោក Donald Trump បង្ហាញជំហរដកថយ និងថា អាមេរិកត្រៀមខ្លួនដកពន្ធខ្លះទៅលើប្រទេសចិន ប៉ុន្តែមិនមែនសូន្យ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញពីសក្តានុពលនៃការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានប្រកាសថា ពន្ធលើទំនិញរបស់ប្រទេសនេះនឹងត្រូវបានបន្ទាបយ៉ាងច្រើន។ ទោះជាយ៉ាងណា លោកបានបន្ថែមថា “វានឹងមិនមែននៅត្រឹមសូន្យទេ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃការដាក់ពន្ធ ‘ថ្ងៃរំដោះ’ ដ៏ធំរបស់លោកលើដៃគូពាណិជ្ជកម្មសំខាន់ៗ លោក Trump គឺបានដំឡើងពន្ធលើទំនិញចិនយ៉ាងខ្លាំងដល់ 145% ។ ចំណាត់ការនេះបានធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកក៏ដោយ។ កាលពីថ្ងៃអង្គារ លោក Trump ហាក់ដូចជាផ្លាស់ប្តូរវិធីសាស្រ្តរបស់លោក ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងល្អចំពោះប្រទេសចិន, ខ្ញុំ មានទំនាក់ទំនងល្អជាមួយចិន ប្រធានាធិបតី  ស៊ី ជិនពីង” ។ ពន្ធ “145% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់នោះទេ។ វានឹងធ្លាក់ចុះខ្លាំង ប៉ុន្តែវានឹងមិននៅត្រឹមសូន្យទេ។” កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent តាមសេចក្តីរាយការណ៍បាននិយាយថាគន្លងបច្ចុប្បន្ននៃសង្រ្គាមពាណិជ្ជកម្មគឺមិនមាននិរន្តរភាព ដែលវាបានបង្កើនក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ៕ ប្រែសម្រួលៈ ណៃ តុលា