កាសែត Bloomberg អះអាងថា ចិន បានផ្តល់ឲ្យប៉ាគីស្ថាននូវការគាំទ្រ ផ្នែកអាវុធការពារដែនអាកាស មួយចំនួនអំឡុងពេលប៉ះ ទង្គិចជាមួយនឹងឥណ្ឌា

បរទេស៖កាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាននូវការការពារដែនអាកាស និងប្រព័ន្ធផ្កាយរណប ក្នុងអំឡុងពេលការប្រឈមមុខគ្នាផ្នែកយោធានាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោកAshok Kumar អគ្គនាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាសង្គ្រាមរួមគ្នាក្នុងទីក្រុង New Delhi បាននិយាយថា ប្រទេសចិនបានជួយប្រទេសប៉ាគីស្ថានក្នុងការរៀបចំប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឡើងវិញ ដែលអាចឱ្យពួកគេរកឃើញនូវការដាក់ពង្រាយទ័ព និងសព្វាវុធរបស់ឥណ្ឌាប្រកបដោយប្រសិទ្ធភាព។ លោកKumar បានប្រាប់ Bloomberg ទៀតថា ៖ចិនបានជួយពួកគេឱ្យដាក់ពង្រាយរ៉ាដាការពារដែនអាកាសរបស់ពួកគេឡើងវិញ ដូច្នេះរាល់សកម្មភាពដែលយើងធ្វើចេញពីផ្លូវអាកាសត្រូវបានដឹងជាមុនរួចទៅហើយចំពោះពួកគេ។ របាយការណ៍ដដែល​បាន​អះអាង​ថា ជំនួយ​នេះ​បង្ហាញ​ពី​កម្រិត​ផ្ទាល់​នៃ​ការ​ចូលរួម​ពី​ទីក្រុង​ប៉េកាំង​ជាង​ការ​អះអាង​ពីលើក​ដំបូង។ ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមថា ប្រទេសចិនក៏បានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថានក្នុងការកែតម្រូវការគ្របដណ្តប់លើផ្កាយរណបរបស់ខ្លួនលើប្រទេសឥណ្ឌាក្នុងអំឡុងពេល១៥ថ្ងៃរវាងការវាយប្រហារភេរវកម្មថ្ងៃទី២២ខែមេសានៅក្នុងទឹកដី Jammu និង Kashmir របស់ប្រទេសឥណ្ឌា និងការវាយប្រហាររបស់ប្រទេសឥណ្ឌាលើទីតាំងដែលសង្ស័យថាជាភេរវកម្មនៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី៧ខែឧសភានោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី