ថៃ ផ្អាកការហោះហើររបស់យន្តហោះប៉ូលីស ទាំងអស់ បន្ទាប់ពីការធ្លាក់ចំនួនពីរលើករយៈពេលត្រឹម១ខែ ដែលឆក់យកជីវិតមនុស្ស ៩នាក់

បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ បានផ្អាកការហោះហើរយន្តហោះរបស់ប៉ូលិសទាំងអស់ និងកំពុងរង់ចាំការត្រួតពិនិត្យសុវត្ថិភាពពេញលេញ បន្ទាប់ពីធ្លាក់ចំនួនពីរលើកក្នុងរយៈពេលតែមួយខែ បានឆក់យកជីវិតមនុស្ស ៩នាក់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kittharath Punpetch បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះទាំងអស់របស់នាយកដ្ឋានអាកាសចរណ៍ប៉ូលីសថៃ ត្រូវបានផ្អាកការហោះហើររហូតដល់យន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពថ្មី។ លោកបានថ្លែងថា «គ្រោះថ្នាក់ពីរលើកក្នុងមួយខែគឺជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយមូលហេតុមិនទាន់កំណត់បាននៅឡើយទេ»។ អគ្គស្នងការនគរបាលជាតិថៃ បានឱ្យដឹងថា “យន្តហោះទាំងអស់នឹងត្រូវបានផ្អាកការហោះហើររហូតដល់ត្រូវបានបង្ហាញថារួចរាល់សម្រាប់ប្រតិបត្តិការ ដូច្នេះអ្នកបើកយន្តហោះ អាចមានទំនុកចិត្តក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ” ។ ឧត្តមសេនីយ៍ Kittharath បាននិយាយថា លោកនឹងទៅជួបផ្នែកអាកាសចរណ៍ប៉ូលីសថៃ ក្នុងស្រុក Bang Khen នៃទីក្រុងបាងកក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងការស៊ើបអង្កេតការធ្លាក់យន្តហោះទាំងពីរ៕ ប្រែសម្រួលៈ ណៃ តុលា