ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរ វិធានការការពាររបស់សហភាពអឺរ៉ុប ដើម្បីកំណត់ក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រចិន ពីការចូលរួមក្នុងការដេញថ្លៃលទ្ធកម្ម សាធារណៈសំខាន់ៗរបស់សហភាពអឺរ៉ុប។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ រដ្ឋសមាជិកសហភាពអឺរ៉ុប ក្នុងការរារាំងក្រុមហ៊ុនចិន ពីការចូលរួមក្នុងការដេញថ្លៃលទ្ធកម្មសាធារណៈ ក្នុងវិស័យឧបករណ៍វេជ្ជសាស្ត្រសម្រាប់កិច្ចសន្យា ដែលមានតម្លៃជាង ៥លានអឺរ៉ូ (ប្រហែល ៥.៧២ លានដុល្លារអាមេរិក) ក្រោមឧបករណ៍លទ្ធកម្មអន្តរជាតិរបស់ប្លុក។ ផែនការដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទ នឹងហាមឃាត់ក្រុមហ៊ុនចិន ពីការដេញថ្លៃលើកិច្ចសន្យាបែបនេះ សម្រាប់រយៈពេល ៥ឆ្នាំ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងវិធានការរើសអើងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគ្រាសចិន ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌ និងបង្កើតរបាំងពាណិជ្ជកម្មថ្មីតាមរយៈឧបករណ៍ឯកតោភាគី ដោយសង្កត់ធ្ងន់ថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការការពារបែបនេះ។ ក្រសួងបានឲ្យដឹងថា សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរពីលទ្ធិឯកតោភាគីនិយម និងលទ្ធិគាំពារនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានបន្ថែមថា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចធំៗដែលមានទំនួលខុសត្រូវ ប្រទេសចិន និងសហភាពអឺរ៉ុប គួរតែប្រកាន់ខ្ជាប់នូវច្បាប់របស់ WTO ប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ តម្លាភាព និងមិនរើសអើង ដោះស្រាយបញ្ហាប្រឈមតាមរយៈការបើកចំហរទៅវិញទៅមក និងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនាកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាការពារការអភិវឌ្ឍប្រកបដោយសុខភាពល្អនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed