ក្រុមបាតុករថៃ បដិសេធការចោទ ពីគណបក្សភឿថៃ និងបក្សប្រជាជនថា ពួកគេកំពុងអំពាវនាវ ឱ្យមានរដ្ឋប្រហារយោធា
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្តេជ្ញាបង្កើនការអំពាវនាវ របស់ពួកគេទាមទារ ឱ្យលោកនាយករដ្ឋមន្ត្រី ថៃ គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង ខណៈពេលដែលពួកគេ បានបដិសេធការចោទ ពីគណបក្សភឿថៃ និងបក្សប្រជាជនថា ពួកគេកំពុងអំពាវនាវ ឱ្យមានរដ្ឋប្រហារយោធា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមបាតុករដែលដឹកនាំ ដោយក្រុម រួមកម្លាំងដើម្បីការពារបូរណភាពទឹកដី បានធ្វើការសច្ចាប្រណិធាន បន្ទាប់ពីមានអ្នកទៅចូលរួមយ៉ាងច្រើន ដែលមិននឹកស្មានដល់ សម្រាប់ការប្រមូលផ្តុំ របស់ពួកគេនៅវិមានជ័យជំនះ កាលពីថ្ងៃសៅរ៍។ ការជួបជុំគ្នានេះធ្វើឡើង ដើម្បីដាក់សម្ពាធលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ឲ្យចុះចេញពីតំណែងជុំវិញការ លេចធ្លាយឃ្លីបសំឡេងនៃការសន្ទនា របស់លោកស្រី ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។ ការលេចឡើងនៃក្រុមនេះ គឺជាការអភិវឌ្ឍន៍ ដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរ បរិយាកាសនយោបាយរបស់ប្រទេសថៃ ដោយទទួលបានការចាប់ អារម្មណ៍ពីអ្នកគាំទ្រ និងអ្នករិះគន់។ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងរបស់អ្នកប្រឆាំង ដើម្បីភ្ជាប់វាទៅនឹងការអំពាវនាវ ឱ្យមានរដ្ឋប្រហារ អាចបន្ថយប្រជាប្រិយភាព ដំបូងរបស់វា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed