ប្រធានាធិបតីឥណ្ឌូណេស៊ី ប្តេជ្ញារក្សាសណ្តាប់ធ្នាប់ សន្តិសុខ សាធារណៈស្របតាមច្បាប់
ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងបាតុកម្មនាពេលថ្មីៗនេះ ដែលបានបន្តនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ដោយសង្កត់ធ្ងន់ថា រដ្ឋនឹងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ស្របតាមច្បាប់។ លោកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណបក្សនយោបាយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះសមាជិកសភារបស់ខ្លួន ដែលបានប្រព្រឹត្តិខុស រួមទាំងការដកសមាជិកភាព ប្រាក់ឧបត្ថម្ភ និងការបំពេញទស្សនកិច្ចការងារ នៅក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សាធារណជន។ លោកក៏បានអំពាវនាវឲ្យសភា បើកការសន្ទនាជាមួយមេដឹកនាំសហគមន៍ និងក្រុមសង្គមស៊ីវិល ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងពីឧប្បត្តិហេតុនៃភាព ចលាចលនៅក្នុងតំបន់ខ្លះ លោកប្រធានាធិបតីបានគូសបញ្ជាក់ថា រដ្ឋមិនត្រូវនៅស្ងៀមនោះទេ ប្រសិនបើបាតុកម្មកាន់តែ យ៉ាប់យ៉ឺនទៅជាអនាធិបតេយ្យ។ លោកបានណែនាំប៉ូលិសជាតិឥណ្ឌូណេស៊ី និងកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ីឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់ និងស្របតាមច្បាប់ ដើម្បីការពារសមាជិកសាធារណៈ និងការពារកន្លែងសាធារណៈ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed