រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឥណ្ឌាថា ប្រទេសឥណ្ឌា ប្រាកដជានឹងទិញប្រេង ពីរុស្ស៊ីថែមទៀត

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឥណ្ឌា លោកស្រី Nirmala Sitharaman បានប្រាប់សារព័ត៌មាន Network18 កាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌានឹង “ប្រាកដជានឹងទិញប្រេងពីរុស្ស៊ីថែមទៀត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ លោកស្រីបានរំលឹកឡើងវិញ ពីគោលនយោបាយ ដែលបានបញ្ជាក់ របស់រដ្ឋាភិបាលថា ការទិញប្រេងរបស់ប្រទេសអាស៊ីខាងត្បូង ត្រូវបានជំរុញដោយអាទិភាពសេដ្ឋកិច្ចរបស់ខ្លួន និងមិនមែនសម្ពាធពីខាងក្រៅនោះទេ ។ លោកស្រី Sitharaman បាននិយាយថា “មិនថាវាជាប្រេងរបស់រុស្ស៊ី ឬអ្វីផ្សេងទៀត វាគឺជាការសម្រេចចិត្តរបស់យើង ក្នុងការទិញពីកន្លែងដែលសាកសមនឹងតម្រូវការ របស់យើង មិនថាក្នុងលក្ខខណ្ឌ នៃអត្រាការប្រាក់ ឬការដឹកជញ្ជូន” នោះទេ។ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឈានមុខគេរបស់ឥណ្ឌា ដោយផ្តល់នូវការនាំចូលប្រេងឆៅជិត 40% របស់ខ្លួន៕ប្រែប្រួលៈ ណៃ តុលា