មន្ទីរប៉ង់តាហ្គោន ប្រគល់កុងត្រា ទំហំធំដល់ ទៅ៥ពាន់លានដុល្លារ ផលិតមីស៊ីលថ្មី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងកិច្ចការងារ​សង្រ្គាម​អាមេរិក​បាន​ផ្តល់​រង្វាន់​ជាកុងត្រាទៅដល់​ក្រុមហ៊ុន​ផលិត​សព្វាវុធ Raytheon នូវ​កិច្ចសន្យា​ចំនួន៥ពាន់​លាន​ដុល្លារ ​សម្រាប់​ប្រព័ន្ធ​មីស៊ីល​ Coyote ថ្មីរបស់​ខ្លួន​។ កុងត្រានេះកើតឡើងចំពេល ដែលការពង្រីកថវិកា របស់មន្ទីរបញ្ចកោណដែលមិនធ្លាប់មានពីមុនមកក្រោមការដឹកនាំ របស់ប្រធានាធិបតី Donald Trump និងការផ្លាស់ប្តូររដ្ឋបាលរបស់គាត់ ឆ្ពោះទៅរកការផ្តល់អាទិភាពដល់សន្តិសុខមាតុភូមិ ។ សេចក្តីជូនដំណឹងបាននិយាយថា ការផ្តល់មូលនិធិនឹងគ្របដណ្តប់លើការផលិតឧបករណ៍បាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរ៉ាដា ជាមួយនឹងកិច្ចសន្យាដំណើរ ការរហូតដល់ឆ្នាំ២០៣៣។ ប្រព័ន្ធនេះរួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើកខ្នាតតូច Coyote ដែលអាចធ្វើការហោះហើរ ដោយស្វ័យប្រវត្តិ ឬតាមកម្មវិធី បញ្ជាបានប្រហែលមួយម៉ោង។ ម៉ូដេលផ្សេងៗទៀតត្រូវបានរចនាឡើងសម្រាប់ការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍ បេសកកម្មប្រឆាំង UAV ជាមួយនឹងក្បាលគ្រាប់ដែលនៅជិត និងសង្គ្រាមអេឡិចត្រូនិក។ យោធា​អាមេរិក​បាន​នឹង​កំពុង​សាកល្បង​យន្តហោះ​ដ្រូន​សម្រាប់​តួនាទី​ឃ្លាំមើល ការវាយប្រហារ និង​តួនាទី​ស្ទាក់ចាប់កាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ។ គួរឲ្យដឹងដែរថាកាលពីខែមិថុនា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយណែនាំភ្នាក់ងារសហព័ន្ធមួយចំនួន ឱ្យកំណត់ស្តង់ដារបទប្បញ្ញត្តិពាក់ព័ន្ធរបស់ពួកគេ ដើម្បីបង្កើនល្បឿនការធ្វើតេស្ត និងផលិតបច្ចេកវិទ្យាដ្រូនរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា យោធាកំពុងសិក្សាពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅលើសមរភូមិ ដើម្បីកែលម្អប្រព័ន្ធរបស់អាមេរិកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី