គែរ៖ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន តួកគី អារ៉ាប៊ីសាអូឌីត និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍ ចំពោះជំហានរបស់ក្រុមហាម៉ាស់ ឆ្ពោះទៅរកផែនការបទឈប់បាញ់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៨ បានស្វាគមន៍ “ជំហានដែលធ្វើឡើងដោយក្រុមហាម៉ាស ទាក់ទងនឹងសំណើរបស់លោក ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំងទាំងអស់ នៅរស់ ឬស្លាប់ និងការចាប់ផ្តើមការចរចាជាបន្ទាន់លើយន្តការអនុវត្ត”។ ពួកគេបានសរសើរបន្ថែមលើការប្រកាសរបស់ហាម៉ាស់អំពី “ការត្រៀមខ្លួនរបស់ខ្លួនក្នុងការប្រគល់ការគ្រប់គ្រងតំបន់ហ្គាហ្សា ទៅឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាលប៉ាឡេស្ទីន នៃអ្នកបច្ចេកទេសឯករាជ្យ” ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចាប់ផ្តើមការចរចាជាបន្ទាន់ ដើម្បីយល់ព្រមលើយន្តការដើម្បីអនុវត្តសំណើ និងដោះស្រាយគ្រប់ទិដ្ឋភាពរបស់វា។ រដ្ឋមន្ត្រីការបរទេសក៏បានស្វាគមន៍ការអំពាវនាវរបស់លោក ត្រាំ លើអ៊ីស្រាអែលឱ្យ “បញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែក និងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរ” ដោយសម្តែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់។ រដ្ឋមន្ត្រីបានអះអាងថា ការវិវត្តន៍ទាំងនេះតំណាងឱ្យ “ឱកាសពិតប្រាកដមួយ ដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព និងដើម្បីដោះស្រាយលក្ខខណ្ឌមនុស្សធម៌ដ៏សំខាន់ ដែលកំពុងប្រឈមមុខនឹងប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប”៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed