រុស្ស៊ី អះអាងថា ត្រឹម ២៤ម៉ោង បានបាញ់ទម្លាក់យន្តហោះដ្រូនប្រយុទ្ធអ៊ុយក្រែនជាង ៣៥០គ្រឿង
ម៉ូស្គូ៖ ក្រសួងការពារជាតិរបស់ប្រទេសនេះបានឧ្យដឹងថា ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង ៣៥០គ្រឿង និងមីស៊ីលផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៦គ្រាប់ មីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយមួយគ្រាប់ និងយន្ដហោះដ្រូនចំនួន ៣៥០គ្រឿង។ អភិបាលតំបន់ លោក Vyacheslav Gladkov បានឧ្យដឹងថា តំបន់ Belgorod របស់ប្រទេសរុស្ស៊ី បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ក្នុងរយៈពេល ២៣ម៉ោងចុងក្រោយនេះ ដោយកងកម្លាំងអ៊ុយក្រែន បានវាយប្រហារសង្កាត់ចំនួន ១៤។ លោកបានលេីកឡេីងថា យន្តហោះគ្មានមនុស្សបើកចំនួន ១៩៧ គ្រឿងត្រូវបានបាញ់បង្ហោះ ក្នុងនោះ ១៣៧ គ្រឿងត្រូវបានបាញ់ទម្លាក់ ឬបន្សាប។ មនុស្ស ៦នាក់បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត។ មជ្ឈមណ្ឌលឆ្លើយតបវិបត្តិក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា កំទេចកំទីយន្តហោះគ្មានមនុស្សបើក បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានបង្កឱ្យមានអគ្គីភ័យនៅក្នុងបន្ទប់សន្តិសុខ និងធ្វើឱ្យមនុស្សពីរនាក់រងរបួស៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed