អ៊ីរ៉ង់​ ច្រានចោល​ការចរចា ​ជាមួយ​មហាអំណាច​អឺរ៉ុប បន្ទាប់ពី​ការ​បន្ដទណ្ឌកម្ម​របស់ ​អង្គការសហប្រជាជាតិ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានផែនការធ្វើកិច្ចចរចាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់នោះទេ បន្ទាប់ពីការផ្លាស់ប្តូររបស់ពួកគេ ដើម្បីបន្ដយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ។ លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់កំពុង “ពិចារណាលើផលប៉ះពាល់ និងផលវិបាក” នៃអ្វីដែលលោកហៅថា សកម្មភាពប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយមហាអំណាចទាំងបីរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកបានបន្ដថា អ៊ីរ៉ង់​ នឹងសម្រេចចិត្តលើផ្នែកការទូត “នៅពេលណាដែលរដ្ឋាភិបាលមានអារម្មណ៍ថា វាអាចទទួលបានផ្លែផ្កា” ដោយសង្កត់ធ្ងន់ថា ការចរចាណាមួយត្រូវតែបម្រើផលប្រយោជន៍ជាតិរបស់ប្រទេស។ លោក Baghaei បាន​បន្ដថា​ «​អ៊ីរ៉ង់​នឹង​មិន​ដែល​សុំ​ការ​ចរចា​ទេ​» ដោយ​បន្ថែម​ថា​កិច្ច​ពិភាក្សា​ជា​ដំណើរការ​ពីរ​ផ្លូវ​  ដែល​ត្រូវ​ការពារ​ផលប្រយោជន៍​ជាតិ សន្តិសុខ និង​សេចក្តី​ថ្លៃថ្នូរ។ ក្រុមប្រទេសអឺរ៉ុបទាំងបី ក្នុងការសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យមានយន្តការ snapback នៅក្នុងខែសីហា បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរាជ័យក្នុងការបន្តការបន្ធូរបន្ថយទណ្ឌកម្មនៅក្នុងខែកញ្ញា៕ ប្រែសម្រួល​ ឈូក​ បូរ៉ា