ឥណ្ឌា កំពុងសម្លឹងមើលការទិញបន្ថែមមីស៊ីល S-400 ពីប្រទេសរុស្ស៊ី

បរទេស៖ កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងស្វែងរកទិញប្រព័ន្ធមីស៊ីលពីដីទៅអាកាសប្រភេទ S-400 ចំនួនប្រាំបន្ថែមទៀតពីប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងការពារជាតិឥណ្ឌាកម្រិតខ្ពស់ គឺនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីក្នុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែតនេះបានសរសេរថា ទីក្រុងញូវដែលីកំពុងសម្លឹងមើលការផលិត S-400 រួមគ្នាជាមួយទីក្រុងម៉ូស្គូ ឬទិញប្រព័ន្ធការពារនេះទាំងស្រុង ដោយបន្ថែមថា មន្ត្រីឥណ្ឌាសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅដើមខែធ្នូ។ កាសែតនេះបានឱ្យដឹងទៀតថា ប្រទេសអាស៊ីខាងត្បូងក៏កំពុងសម្លឹងរកមើលការចូលរួមពីវិស័យឯកជនរបស់ខ្លួនក្នុងការរៀបចំកន្លែងសម្រាប់ថែទាំ ជួសជុល និងជួសជុលឡើងវិញនូវប្រព័ន្ធមីស៊ីលផងដែរ។ ឥណ្ឌាបានទទួលប្រព័ន្ធការពារដែនអាកាស S-400 ចំនួនបី ក្នុងចំណោមប្រព័ន្ធការពារដែនអាកាស S-400 ចំនួនប្រាំដែលខ្លួនបានទិញពីប្រទេសរុស្ស៊ីក្នុងតម្លៃ ៥,៤៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ នៅសល់ពីរទៀតគ្រោងនឹងដឹកជញ្ជូននៅឆ្នាំ ២០២៦៕ ប្រែសម្រួលៈ ណៃ តុលា