លោក Trump អះអាងថាសង្គ្រាមនៅហ្គាហ្សាបញ្ចប់ទៅជាផ្លូវការហើយ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា សង្គ្រាមនៅតំបន់ហ្គាហ្សា គឺត្រូវបានបញ្ចប់ជាផ្លុវការហើយ។ លោកប្រធានាធិបតីទើបតែឡើងយន្តហោះ Air Force One ដោយហោះទៅអ៊ីស្រាអែល មុនពេលការដោះលែងចំណាប់ខ្មាំងនៅថ្ងៃចន្ទនេះ។ លោក Trump ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថានៅសភារបស់អ៊ីស្រាអែលព្រមទាំងជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងក្រុមគ្រួសារនៃចំណាប់ខ្មាំងផងដែរ។ ក្រោយមក មេដឹកនាំមកពីជាង២០ ប្រទេសនឹងចូលរួមជាមួយប្រធានាធិបតីអាមេរិកនៅអេហ្ស៊ីបសម្រាប់កិច្ចប្រជុំកំពូលស្តីពីអនាគតរបស់ហ្គាហ្សា។ យ៉ាងណាក្តីតំណាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹងមិនចូលរួមក្នុងពិធីនោះទេ។ លោក Trump បាននិយាយនៅពេលត្រូវបានសួរថាតើលោកមានទំនុកចិត្តថាជម្លោះរវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនត្រូវបានបញ្ចប់ដែរឬទេដោយលោកបានឆ្លើយតបថា៖សង្រ្គាមចប់ហើយ អូខេ? អ្នកយល់ទេ? គួរឲ្យដឹងដែរថា Trump នឹងត្រូវបានអមដំណើរក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ដោយរដ្ឋមន្ត្រីការបរទេស Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth រួមជាមួយនឹងមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយចំនួនទៀត៕ ប្រែសម្រួល៖ ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed