បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការផលិត និងការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗ និងកម្រ ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីការសម្រេចចិត្ត របស់ប្រទេសចិន ក្នុងការរឹតបន្តឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រ និងឧបករណ៍ផលិតបន្ទះឈីប ដើម្បីឆ្លើយតបទៅនឹងពន្ធគយ របស់ប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលដែលលោក Trump ធ្វើដំណើរទៅទីក្រុងតូក្យូ ជាកន្លែងដែលលោកបានជួប ជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន គឺលោកស្រី Sanae Takaichi ជាលើកដំបូង។ យោងតាមសេតវិមាន ភាគីទាំងពីរបានយល់ព្រមជំរុញគម្រោងរួមដែល “ចាំបាច់សម្រាប់គាំទ្រដល់ឧស្សាហកម្មក្នុងស្រុក រួមទាំងបច្ចេកវិទ្យាទំនើប និងមូលដ្ឋានឧស្សាហកម្មរៀងៗខ្លួន” និងប្រើប្រាស់ “ឧបករណ៍គោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគសម្របសម្រួល ដើម្បីពន្លឿនការអភិវឌ្ឍន៍ទីផ្សារចម្រុះ និងទីផ្សារយុត្តិធម៌សម្រាប់រ៉ែសំខាន់ៗ និងកម្រ។ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខា លើឯកសារដែលណែនាំរដ្ឋាភិបាលរបស់ពួកគេឱ្យ “ចាត់វិធានការបន្ថែមទៀត សម្រាប់យុគសម័យមាសថ្មីនៃសម្ព័ន្ធភាព អាមេរិក-ជប៉ុនដែលកំពុងរីកចម្រើនឥតឈប់ឈរ”៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed