‎អាមេរិក បញ្ជាឱ្យកាត់បន្ថយជើងហោះហើរចំនួន 10% នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន 40

‎បរទេស: លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា លោកនឹងបញ្ជាឱ្យកាត់បន្ថយជើងហោះហើរចំនួន 10% នៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន 40 របស់សហរដ្ឋអាមេរិក ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈដែលការបិទទ្វាររបស់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី 36 ជាប់ៗគ្នា។ ‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ផែនការដ៏ខ្លាំងក្លានេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ខិតខំប្រឹងប្រែងកាត់បន្ថយជើងហោះហើរយ៉ាងច្រើនក្នុងរយៈពេលត្រឹមតែ 36 ម៉ោងប៉ុណ្ណោះ ហើយអ្នកដំណើរបានខលមកខ្សែទូរស័ព្ទសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍យ៉ាងច្រើនជាមួយនឹងការព្រួយបារម្ភអំពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។‎‎លោក Duffy បាននិយាយថា ការកាត់បន្ថយទាំងនេះអាចត្រូវបានដកវិញ ប្រសិនបើពួកអ្នកប្រជាធិបតេយ្យយល់ព្រមបើករដ្ឋាភិបាលឡើងវិញ។‎‎ការបិទទ្វាររដ្ឋាភិបាល ដែលជារយៈពេលវែងបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បានបង្ខំឱ្យអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសចំនួន 13,000 នាក់ និងភ្នាក់ងាររដ្ឋបាលសន្តិសុខដឹកជញ្ជូនចំនួន 50,000 នាក់ធ្វើការដោយគ្មានប្រាក់ឈ្នួល។‎‎រដ្ឋបាលលោក Trump បានព្យាយាមបង្កើនសម្ពាធលើពួកប្រជាធិបតេយ្យឱ្យបញ្ចប់ការបិទទ្វារ ហើយបានបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការរំខានផ្នែកអាកាសចរណ៍យ៉ាងខ្លាំង ដើម្បីបង្ខំពួកគេឱ្យបោះឆ្នោតឱ្យបើករដ្ឋាភិបាលឡើងវិញ។ ពួកអ្នកប្រជាធិបតេយ្យអះអាងថា ពួកអ្នកសាធារណរដ្ឋត្រូវស្តីបន្ទោសចំពោះការបដិសេធមិនចរចាលើប្រាក់ឧបត្ថម្ភថែទាំសុខភាពសំខាន់ៗ៕‎‎ប្រែសម្រួល ណៃ តុលា‎‎