រដ្ឋមន្ត្រីការពារជាតិរុស្សីចង់ឲ្យមានការចាប់ផ្តើមធ្វើតេស្តពេញលេញអាវុធនុយក្លេអ៊ែររបស់ខ្លួន
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Belousov បាននិយាយថាប្រទេសរុស្ស៊ីត្រូវតែត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរក្នុងទ្រង់ទ្រាយពេញលេញ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកម្មវិធីរបស់ខ្លួនឡើងវិញ។ លោកBelousov បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូ ត្រូវតែឆ្លើយតបទៅនឹងជំហានរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខរបស់រុស្ស៊ី។ វាគឺជាការចាំបាច់ដើម្បីចាប់ផ្តើមរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរពេញលេញជាបន្ទាន់ ។ លោក Putin បានឆ្លើយតបដោយបញ្ជាក់ជាថ្មីថា រុស្ស៊ីបាននិយាយជាយូរមកហើយថា ខ្លួននឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ប្រសិនបើសមាជិកផ្សេងទៀតមិនបំពានលើកិច្ចព្រមព្រៀងនេះ។ លោកប្រធានាធិបតីបាននិយាយថា ៖ប្រសិនបើសហរដ្ឋអាមេរិក ឬរដ្ឋផ្សេងទៀតជាភាគីនៃសន្ធិសញ្ញាដែលពាក់ព័ន្ធធ្វើការសាកល្បងបែបនេះ រុស្ស៊ីក៏នឹងត្រូវបានទាមទារឱ្យចាត់វិធានការសងសឹកសមស្របផងដែរ ។ លោក Putin ក៏បានបន្តណែនាំដល់ភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងការបរទេស និងក្រសួងការពារជាតិ ឱ្យប្រមូល និងវិភាគព័ត៌មានចាំបាច់ស្តីពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមការសាកល្បងនុយក្លេអ៊ែរឡើងវិញ មុននឹងដាក់សំណើស្តីពី ការចាប់ផ្តើមការងារដែលអាចកើតមានលើការរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed