​ អេហ្ស៊ីប និងកាតា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង តម្លៃ ២៩.៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឆ្នេរសមុទ្រមេឌីទែរ៉ាណេ

គែរ៖​ អេហ្ស៊ីប និងកាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង វិនិយោគមួយដែលមានតម្លៃ ២៩.៧ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យ និងទេសចរណ៍ដ៏សំខាន់មួយ នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ របស់ប្រទេសអេហ្ស៊ីប។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរសហគមន៍ទីក្រុងថ្មី ដែលជាទីភ្នាក់ងារគ្រប់គ្រងដោយរដ្ឋ ក្រោមក្រសួងលំនៅដ្ឋាន សេវាប្រើប្រាស់ និងសហគមន៍ទីក្រុងរបស់ប្រទេសអេហ្ស៊ីប និងក្រុមហ៊ុនវិនិយោគ អចលនទ្រព្យកាតា Diar ដែលជាសាខាអចលនទ្រព្យ នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព របស់ប្រទេសកាតា ។ យោងតាមសេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើតគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្ររួម បញ្ចូលគ្នានៅក្នុងដីឡូត៍មួយដែលលើសពី ២០លានម៉ែត្រការ៉េ នៅក្នុងតំបន់ Alam Al-Roum នៃខេត្ត Matrouh ដើម្បីទាក់ទាញអ្នកស្រុក និងអ្នកទេសចរពេញមួយឆ្នាំ។ គម្រោងនេះនឹងរួមបញ្ចូលសង្កាត់លំនៅដ្ឋាន កន្លែងទេសចរណ៍ និងពាណិជ្ជកម្ម សណ្ឋាគារ សាលារៀន សាកលវិទ្យាល័យ និងអគារសេវាកម្មរដ្ឋាភិបាល ដោយមានគោលដៅផ្លាស់ប្តូរតំបន់នេះ ទៅជាគោលដៅឆ្នេរសមុទ្រលំដាប់ពិភពលោក៕ប្រែសម្រួល​ ឈូក​ បូរ៉ា