ទឹកជំនន់នៅខេត្តអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ខណៈអ្នកស្លាប់មាន ១៤នាក់

‎បរទេស: ទឹកជំនន់នៅក្រុងអយុធ្យា ប្រទេសថៃ កាន់តែអាក្រក់ទៅៗ ដោយសារការហូរច្រោះទំនប់កើនឡើង ចំណែក គ្រួសារជិត ៦០.០០០ គ្រួសាររងផលប៉ះពាល់ និង ១៤ នាក់ស្លាប់។‎‎យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងនៃការបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ាបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅទូទាំងខេត្តអយុធ្យា ដោយប្រឡាយទឹកប្រវត្តិសាស្ត្របានហៀរចេញ និងជន់លិចតំបន់លំនៅដ្ឋានប្រជាជន។‎‎នាយកដ្ឋានធារាសាស្ត្រថៃ បានបង្កើនអត្រាបញ្ចេញទឹកដល់ ២.៨០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលបណ្តាលឱ្យកម្រិតទឹកប្រឡាយហៀរច្រាំង និងជន់លិចផ្ទះរាប់រយខ្នងតាមបណ្តោយផ្លូវទឹក។ នៅថ្ងៃទី ១០ ខែវិច្ឆិកា ស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារទឹកបន្តកើនឡើង ជាពិសេសនៅជុំវិញប្រឡាយទឹកក្រុង។‎‎ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិរាយការណ៍ថា គ្រួសារចំនួន ៥៨.៤៧៧ គ្រួសារនៅទូទាំង ១១ ស្រុក អនុស្រុកចំនួន ១៤៣ និង ៩៤៥ ភូមិបានរងផលប៉ះពាល់។ មនុស្ស ១៤ នាក់បានស្លាប់នៅក្នុងទឹកជំនន់។ ‎ប្រែសម្រួល ណៃ តុលា‎