រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់អះអាងថា រុស្ស៊ីមិនមានបំណងក្នុងការធ្វើសង្គ្រាមទល់នឹងណាតូនោះទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនចង់មានជម្លោះផ្ទាល់ជាមួយណាតូទេ។ កន្លងមកប្រធានអង្គការណាតូលោក Mark Rutte ធ្លាប់បានអះអាងកាលពីដើមខែនេះថា ៖យើងនឹងអាចក្លាយទៅជាគោលដៅបន្ទាប់របស់រុស្ស៊ីនៅពេលដែលជម្លោះអ៊ុយក្រែនបានបញ្ចប់។ លោក​បាន​ស្នើ​ថា ទីក្រុង​មូស្គូ អាច​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​អង្គការ​ណាតូ​ក្នុង​រយៈ​ពេល៥ឆ្នាំខាងមុខ ដោយ​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​បង្កើន​ការ​ចំណាយ​យោធា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក Rutte អំឡុងពេលសម្ភាសន៍ជាមួយកាសែត Die Zeit កាលពីថ្ងៃចន្ទលោក Pistorius បានឆ្លើយតបថា ៖ខ្ញុំមិនជឿលើសេណារីយ៉ូបែបនេះនឹងអាចកើតឡើងទៅរួចនោះទេ។ លោក​បាន​អះអាង​ថា​៖​តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ លោក​Putinគឺនឹង​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​សង្គ្រាម​លោក​ពេញ​លក្ខណៈ​ប្រឆាំង​នឹង​អង្គការ​ណាតូ​ទេ។​ គាត់​ចង់​បំផ្លាញ​អង្គការ​ណាតូ​ពី​ខាងក្នុង​ដោយ​ធ្វើ​ឲ្យ​ខូច​ដល់​ការ​រួបរួម​របស់​សម្ព័ន្ធនេះប៉ុណ្ណោះ៕ ប្រែសម្រួល៖ ស៊ុន លី