ប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលដំណើរការដោយអ៊ុយក្រែន
បរទេស៖ មេបញ្ជាការរុស្ស៊ីម្នាក់បាននិយាយថា ប្រព័ន្ធការពារដែនអាកាស S-300 របស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលផលិតនៅសហរដ្ឋអាមេរិក ដែលដំណើរការដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ Russia 1 TV កាលពីថ្ងៃអាទិត្យ មេបញ្ជាការរូបនេះ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណដោយឈ្មោះហៅក្រៅថា ‘Sever’ បានប្រាប់អ្នកកាសែត Vladimir Solovyov ថា យន្តហោះចម្បាំងដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកគឺជា “គោលដៅគួរឱ្យចាប់អារម្មណ៍បំផុត” ដែលអង្គភាពរបស់គាត់បានជួបប្រទះ។ លោកបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់មីស៊ីលពីរគ្រាប់ទៅលើយន្តហោះ F-16 ដោយមីស៊ីលទីមួយបានបំផ្លាញយន្តហោះ និងមីស៊ីលទីពីរ “បានវាយប្រហារចុងក្រោយ”។ មេបញ្ជាការរុស្ស៊ីបាននិយាយថា “វាត្រូវការពេលវេលាច្រើនដើម្បីរៀបចំសម្រាប់ប្រតិបត្តិការនេះ។ យើងកំពុងតាមដានវា និងរំពឹងទុកវា។ សត្រូវបានអួតថា យន្តហោះទាំងនេះមិនអាចបំផ្លាញបាន។ វាប្រែជាថា ពួកវាធ្លាក់ពីលើមេឃដូចយន្តហោះដទៃទៀតដែរ”។ យ៉ាងណាក៏ដោយ គាត់មិនបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅពេលណានោះទេ។ អ៊ុយក្រែនបានចាប់ផ្តើមទទួលយន្តហោះ F-16 នៅក្នុងខែសីហា ឆ្នាំ២០២៤ ហើយចាប់តាំងពីពេលនោះមក បានបញ្ជាក់ពីការបាត់បង់យន្តហោះចំនួន៤គ្រឿងនៅក្នុងសមរភូមិ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed