មន្រ្តីលោកខាងលិចថា អាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ

បរទេស៖ ការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់គឺ “ជិតមកដល់” ហើយ ដែលអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ, នេះបើយោងតាមការអះអាងរបស់ Reuters ដោយដកស្រង់ប្រភពអនាមិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញការគំរាមកំហែងជាច្រើនប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានគ្រប់គ្រងដោយកុបកម្មចាប់តាំងពីចុងខែធ្នូ។ ភាពចលាចលបានផ្ទុះឡើងចំពេលមានអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃលុយអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់បានស្តីបន្ទោសអំពើហិង្សាតាមដងផ្លូវ ដែលត្រូវបានគេចោទប្រកាន់ថាបានបណ្តាលឱ្យមានមនុស្សរាប់រយនាក់ស្លាប់ គឺទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ កាលពីថ្ងៃពុធសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីយោធាលោកខាងលិចម្នាក់ដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា “សញ្ញាទាំងអស់គឺថាការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជិតមកដល់”។ ទោះជាយ៉ាងណាក៏ដោយ ប្រភពអនាមិកបានបន្ថែមថា “នោះក៏ជារបៀបដែលរដ្ឋបាលនេះមានឥរិយាបទដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាប្រុងប្រយ័ត្ន” ដោយភាពមិនអាចទាយទុកជាមុនបានគឺជា “ផ្នែកមួយនៃយុទ្ធសាស្ត្រ”។ យោងតាមប្រភពព័ត៌មាន ដែលដកស្រង់សម្តីមន្ត្រីអឺរ៉ុបពីរនាក់ដែលមិនបញ្ចេញឈ្មោះគឺថា “អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកអាចកើតឡើងក្នុងរយៈពេល ២៤ ម៉ោងខាងមុខ”។ Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ដែលមិនបញ្ចេញឈ្មោះ ដោយបានបង្ហាញថា លោក ត្រាំ ហាក់ដូចជាបានសម្រេចចិត្តគាំទ្រការវាយប្រហារអ៊ីរ៉ង់ ទោះបីជាវិសាលភាពនៃសកម្មភាពយោធាដែលអាចកើតមាននៅតែមិនច្បាស់លាស់ក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា