មូលនិធិរូបិយវត្ថុ អន្តរជាតិលើកឡើងអំពីកំណើន យ៉ាងខ្លាំងក្លា នៃសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមូលនិធិរូបិយវត្ថុ អន្តរជាតិហៅកាត់ថាIMF កាលពីថ្ងៃចន្ទបានធ្វើការ កែប្រែការប៉ាន់ប្រមាណ របស់ខ្លួនអំពីកំណើនផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌាក្នុង ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន (ខែមេសា ឆ្នាំ ២០២៥ដល់ខែមីនា ឆ្នាំ២០២៦) ឡើងដល់៧,៣ភាគរយ ពីការព្យាករណ៍ពីមុន របស់ខ្លួនដែលមាន៦,៦ភាគរយ។ ការព្យាករណ៍របស់ IMF គឺទាបជាងការព្យាករ របស់រដ្ឋាភិបាលឥណ្ឌា ៧,៤ភាគរយក្នុងរយៈពេលដូចគ្នានេះ។ នៅក្នុងរបាយការណ៍មួយ IMF បាននិយាយថា ការកែប្រែការកើនឡើង របស់ខ្លួនគឺជាការឆ្លុះបញ្ចាំង ពីកំណើនខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទី៣(ខែតុលា ដល់ខែធ្នូ២០២៥) និង សន្ទុះខ្លាំង នៅក្នុងត្រីមាសទី ៤(ខែមករា ដល់ខែមីនា ឆ្នាំ ២០២៦)។ របាយការណ៍ក៏បាននិយាយដែរថាកំណើនត្រូវបានព្យាករណ៍ក្នុងកម្រិតមធ្យមទៅ៦,៤ភាគរយក្នុងឆ្នាំ២០២៦និង២០២៧ ដោយសារកត្តាវដ្ត និងបណ្តោះអាសន្នមួយចំនួនបានធ្លាក់ចុះ៕ ប្រែសម្រួល៖ស៊ុនលី