​ អ៊ុយក្រែន អាមេរិក និងរុស្ស៊ី អាចនឹងបើកកិច្ចប្រជុំត្រីភាគី​ នៅថ្ងៃទី១​ ខែកុម្ភៈ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក​ វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់រវាងគណៈប្រតិភូមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី អាចធ្វើឡើងនៅថ្ងៃទី១​ ខែកុម្ភៈ។ លោក ហ្សេឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោកថា “មុននេះ យើងបានពិភាក្សាគ្នាថា ក្រុមនានានឹងជួបគ្នាម្តងទៀតនៅថ្ងៃអាទិត្យ។ វានឹងល្អប្រសិនបើយើងអាចពន្លឿនកិច្ចប្រជុំនេះ”។ លោកបានលេីកឡេីងថា អ៊ុយក្រែននឹងត្រៀមខ្លួនយ៉ាងពេញលេញលើបញ្ហាទាំងអស់ ដែលត្រូវពិភាក្សា និងឯកភាពគ្នានៅក្នុងកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ប្រទេស​ ចំពោះសន្តិភាព។ តំណាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំកិច្ចប្រជុំត្រីភាគីលើកដំបូង របស់ពួកគេចាប់តាំងពីការចាប់ផ្តើម នៃវិបត្តិអ៊ុយក្រែននៅថ្ងៃទី២៣​ និង ២៤​ ខែមករា នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ៕ប្រែសម្រួល​ ឈូក​ បូរ៉ា