​ លោក ណេតាន់យ៉ាហ៊ូ បដិសេធរដ្ឋប៉ាឡេស្ទីន ខណៈដែលក្រុមហាម៉ាស់​ អំពាវនាវឱ្យផ្តល់អំណាចដល់គណៈកម្មា​ធិការ​បច្ចេកទេសហ្គាហ្សា

យេរូសាឡឹម៖​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា អ៊ីស្រាអែល​ នឹងមិនអនុញ្ញាតឱ្យមានការស្តារឡើងវិញ នៃតំបន់ហ្គាហ្សាមុន ពេលត្រូវបានដកទ័ព ឬការបង្កើតរដ្ឋប៉ាឡេស្ទីន នៅទីនោះទេ ខណៈដែលក្រុមហាម៉ាស់​ បានជំរុញឱ្យផ្តល់អំណាច យ៉ាងឆាប់រហ័សដល់គណៈកម្មាធិការបច្ចេកទេស ដែលមានភារកិច្ចគ្រប់គ្រងតំបន់នោះ។ លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ម៉ឺងម៉ាត់មួយ មួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល​ បានរកឃើញសាកសពរបស់ចំណាប់ខ្មាំងចុងក្រោយ​ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ការដោះលែងមនុស្សប្រហែល ២៥០នាក់ដែលត្រូវបានចាប់ពង្រត់ក្នុងអំឡុង ពេលវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៣ គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលត្រូវបំពេញនៅក្នុងដំណាក់កាលដំបូង នៃបទឈប់បាញ់ ដែលចូលជាធរមាននៅថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២៥។ ការប្រគល់សាកសពរបស់លោក Ran Gvili ដែលជាមន្ត្រីប៉ូលីសម្នាក់ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហាររបស់ក្រុមហាម៉ាស់​ កាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញថាជាការបើកផ្លូវសម្រាប់វឌ្ឍនភាពទៅកាន់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ដែលរួមមានការស្តារឡើងវិញនៃតំបន់នោះ។ ដោយបង្ហាញពីការស្ទាក់ស្ទើរក្នុងការឈានទៅមុខយ៉ាងឆាប់រហ័សទៅកាន់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ជាថ្មីថា លោកកំពុងស្វែងរក “ជ័យជម្នះដាច់ខាត” ជាមួយនឹងធាតុផ្សំសំខាន់ៗចំនួនបី៖ ការប្រគល់ចំណាប់ខ្មាំងទាំងអស់ ការរំសាយអាវុធរបស់ក្រុមហាម៉ាស់​ និងការរំសាយយោធានៅតំបន់ហ្គាហ្សា៕ប្រែសម្រួល​ ឈូក​ បូរ៉ា